-

រថយន្តឆ្លងផ្លូវជិតផុតទៅហើយ ស្រាប់តែបុរសម្នាក់បើកម៉ូតូមកបុក បណ្ដាលឲ្យរងរបួសបាក់ដៃជើង

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង១០នាទីព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ ស្ថិតម្ដុំទល់មុខច្រកចូលបុរីក្បែរឬស្សីសាញ់ តាមបណ្ដោយផ្លូវបេតុង ៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2BK-5407 បើកបរ និងរួមដំណើរដោយ ២នាក់ប្ដីប្រពន្ធ។
ម៉ូតូម៉ាក ZOOMERX ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1FU-3564 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកខាងលើ ធ្វើដំណើរពីលិចទៅកើត ដោយប្ដីប្រពន្ធ ២នាក់ ស្រាប់តែមកដល់ចំណុចកើតហេតុ បានបើកឆ្លងផ្លូវ ៥០ម៉ែត្រ ជិតផុតហើយ ក៏មានបុរសម្នាក់បើកម៉ូតូពីជើងទៅត្បូងក្នុងល្បឿនលឿន ជ្រុលបុករថយន្តចំពីចំហៀងខាងក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូ ហោះទៅផ្ទប់កញ្ចក់រថយន្តបែកខ្ចាយ និងរងរបួសបាក់ដៃជើង ។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់