កណ្តាលៈ ថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦ និង២៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលអោយស្លាប់ម្នាក់ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រ ៣០-៣១ ចំណុចភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
សភាពនៃរឿងហេតុ៖ នៅវេលាម៉ោងកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក SSANG YONG ISTANA ពណ៌ស ប្រភេទដឹកអ្នកដំណើរធុនតូច ពាក់ផ្លាក លេខភ្នំពេញ 2F.2136 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់ ) ពេលមកដល់កន្លែងកើតហេតុ បានបុកម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C125 ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1F.0492 បើកបរដោយឈ្មោះ ង្វៀង វ៉ាងឡុក ភេទប្រុស អាយុ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានទិសដៅផ្ទុយគ្នា (ភ្នំពេញទៅអ្នកលឿង) ដែលកំពុងតែបើកជែងរថយន្ត បណ្តាលអោយស្លាប់ អ្នកបើកបរម៉ូតូ នៅកន្លែកើតហេតុ រថយន្តបានបើកចេញពីកន្លែងកើតហេតុ ប្រហែល៣០០ ម៉ែត្រទើបឈប់ រួចអ្នកបើករថយន្តគេចខ្លួនបាត់ ។
ចំណែកសាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកកៀនស្វាយ ប្រគល់អោយសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាងបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ តាមនីតិវិធី ។ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូធ្វេសប្រហែស មានល្បឿនលឿនជែងក្នុងស្ថានភាពគ្រោះថ្នាក់ ៕
មតិយោបល់