ព័ត៌មានជាតិ

ក្រុមហ៊ុនYoutube ​ប្រកាសថា នឹងពង្រឹងវិធានការប្រឆាំងនឹង​ វីដេអូ​​ព័ត៌មាន​ក្លែងក្លាយ ទាក់ទងនឹង​វ៉ាក់សាំង

ជាមួយនឹងការឆ្លងរាលដាល ជំងឺកូវីដ​១៩ ដែលពិភពលោក​យើង កំពុងឆ្លងកាត់នាពេលបច្ចុប្បន្ននេះ នៅលើបណ្តាញ​សង្គមYoutube មានវីដេអូជាច្រើន បានលើកឡើងអះអាងដោយ​គ្មា​ន​ប្រភពជាក់លាក់ អំពីគ្រោះថ្នាក់នៃ​វ៉ាក់សាំងបង្ការកូវីដ១៩។ វីដេអូខ្លះ​ អះអាងថា វ៉ាក់សាំងទាំងនោះ អាចបង្កគ្រោះថ្នាក់ ដូចជាជំងឺប្រចាំកាយ រឺអះអាងថា វ៉ាក់សាំងទាំងនោះ មិនអាចការពារ​មិនឲ្យ​ឆ្លងជំងឺកូវីដបាន។ ហើយវីដេអូខ្លះទៀត បាន​ផ្សព្វផ្សាយ​ទិន្នន័យតួលេខ ដែលខុសពីការពិត ជាដើម​។

បណ្តាញ​Youtube បានអះអាងថា ចាប់ពីពេលនេះទៅ គេនឹងលុបចោលវីដេអូទាំងអស់ ដែលនិយាយ​ប្រឌិត បោកប្រាស់ ទាក់ទិននឹងគ្រោះថ្នាក់របស់វ៉ាក់សាំងគ្រប់មុខ មិនថាវ៉ាក់សាំងបង្ការកូវីដ វ៉ាក់សាំងបង្ការជំងឺ​កញ្ជ្រឹល វ៉ាក់សាំង​បង្ការជំងឺថ្លើម​ប្រភេទB ជាដើម។ វីដេអូទាំងនោះ គឺរាប់បញ្ចូលទាំងវីដេអូ ដែលអះអាងថា វ៉ាក់សាំងអាចបង្កឲ្យមានជំងឺខ្សោយបញ្ញា ឬអូទីហ្សឹម បង្កជំងឺមហារីក ធ្វើ​ឲ្យ​បាត់បង់សមត្ថភាព​បង្កកំណើត ឬក៏ថានៅ​ក្នុង​វ៉ាក់សាំង មានសារធាតុម៉ាញ៉េទិក​ ដែលអាចធ្វើឲ្យ​គេ អាចតាមដាន​ស្គាល់ទីតាំង របស់​មនុស្ស​នោះ គ្រប់ទីកន្លែងជាដើម។

តែយ៉ាងណា Youtube នឹងនៅតែអនុញ្ញាត ឲ្យ​មាន​វីដេអូ ដែលលើកឡើង ពី​គោលនយោបាយ​ចាក់វ៉ាក់សាំង ការ​សាកល្បង​វ៉ាក់សាំងថ្មីៗ ព្រមទាំង​ជោគជ័យ ឬក៏បរាជ័យនៃការស្រាវជ្រាវរកវ៉ាក់សាំងកន្លងមក និងវីដេអូស្តីពីបទពិសោធន៍ផ្ទាល់ខ្លួន របស់​មនុស្សម្នាក់ៗ ទាក់ទិននឹងវ៉ាក់សាំង ដោយគោរពទៅតាម​បទបញ្ញាទូទៅ របស់បណ្តាញសង្គមនេះ។

គួររំលឹកថា ប្រមាណ​១ឆ្នាំមកហើយ ដែល​ក្រុមហ៊ុន​Youtube បាន​ចាប់ផ្តើមអនុវត្តវិធានការ ប្រយុទ្ធប្រឆាំងនឹងវីដេអូដែលផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ ស្តីពីគ្រោះថ្នាក់បង្កឡើងដោយ​វ៉ាក់សាំងបង្ការកូវីដ១៩។ មានវីដេអូ ចំនួនជាង​១៣ម៉ឺនវីដេអូ ដែលត្រូវបាន​Youtubeលុបចោល ឬរាំងខ្ទប់មិន​ឲ្យគេអាចមើល​បាន​។ ហើយចុងក្រោយនេះ គឺនៅថ្ងៃទី​២៩កញ្ញា Youtubeបានសម្រេច​ព្យូរគណនីYoutubeរបស់​ បណ្តាញទូរទស្សន៍រុស្ស៊ី RT ផ្សាយ​ជាភាសាអាល្លឺម៉ង់ បន្ទាប់ពីគណនីនេះ បានផ្សព្វផ្សាយវីដេអូ ព័ត៌មានក្លែងក្លាយ​ស្តីពី​ជំងឺកូវីដ​១៩។ រដ្ឋាភិបាលរុស្ស៊ីបានគំរាមYoutube ថាគេអាចចាត់វិធានការសងសឹកYoutubeវិញ។

ក្រៅពីYoutube ហ្វេសបុកក៏បាន​ចេញវិធានការដែរ កាលពីពាក់កណ្តាលខែ​កញ្ញានេះ ដើម្បី​​ទប់ស្កាត់ ក្រុម​អ្នកប្រើប្រាស់ ដែលជឿលើគំនិត ទ្រឹស្តី​បោកប្រាស់ រវើរវាយ គ្មា​នប្រភពច្បាស់លាស់ និងហិង្សា។ ជាក់ស្តែង ក្រុមមួយនៅអាល្លឺម៉ង់ ឈ្មោះ Querdenken ដែលបានប្រកូកប្រកាសថា វិធានការរិតបន្តឹង ដោយសារកូវីដ១៩ គឺជាអំពើជិះជាន់សិទ្ធិសេរីភាព ដែលការពារដោយរដ្ឋធម្មនុញ្ញ។​ ដូចគ្នាដែរ បណ្តាញ បណ្តាញTwitter បានរក្សាសិទ្ធិ​លប់ចោល នូវសារណា ដែលមានខ្លឹមសារផ្ទុយពីការពិត ហើយអាចបិទគណនី​មនុស្ស​ដែលសរសេរវាទៀតផង៕

មតិយោបល់