ព័ត៌មានជាតិ

វាយគ្នានៅពន្ធនាគារមិនអស់ចិត្ត ពេលចេញមកវិញតាមកាប់រងរបួស២នាក់ នគរបាលស្រាវជ្រាវចាប់បញ្ជូនទៅវិញ

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ជនសង្ស័យម្នាក់ ត្រូវបានជំនាញនគរបាលព្រហ្មទណ្ឌក្រុងប៉ោយប៉ែត កំពុងរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ដើម្បីរៀបចំសំណុំរឿងបញ្ជូនបន្តទៅសាលាដំបូងខេត្ត ពីបទបង្ករបួសស្នាម បណ្តាលឲ្យជនរងគ្រោះចំនួន២នាក់បានរងរបួស កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ស្រាវជ្រាវចាប់ឃាត់ ខ្លួនបាននៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ក្រោយពីទទួលបានបណ្តឹងរបស់ឈ្មោះ កែវ សុខន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានទីលំនៅភូមិផ្សារ កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត បានប្តឹងថា នៅយប់វេលាម៉ោង១០និង៣០នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ មានជនមិនស្គាល់មុខបានធ្វើសកម្មភាពកាប់កូនប្រុសរបស់ខ្លួនឈ្មោះ ផាត វណ្ណនេត អាយុ២០ឆ្នាំ បណ្តាលឲ្យរបួសត្រូវចំត្រចៀកខាងឆ្វេងចំនួន០១កាំបិត និងកដៃឆ្វេងចំនួន០១កាំបិត ព្រមទាំងមិត្តភក្រ័កូនរបស់គាត់ឈ្មោះ រិន ម៉ីលី ភេទប្រុស អាយុ១៨ឆ្នាំ បណ្តាលឲ្យត្រូវរបួសចំខ្នងចំនួន០១កាំបិត។
តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត លោកបានដាក់ផែនការដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ផ្សារកណ្តាល ធ្វើការស្រាវជ្រាវ និងដោយមានការចង្អុលបង្ហាញពីជនរងគ្រោះ ឈ្មោះ រិន ម៉ីលី នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យឈ្មោះ មាស សុភ័ក្រ ហៅចិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាកម្មករ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលស្រាវជ្រាវឈានដល់ការចាប់ឃាត់ខ្លួន ព្រមទាំងដកហូតបានកាំបិតវែង០១ដើម និងសម្ភារ:សម្រាប់ជក់គ្រឿងញៀនមួយចំនួន (ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន និងធ្លាប់ជាប់ពន្ធនាគារផងដែរ)។
លោកអធិការបានបញ្ជាក់ថា ៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ មាស សុភ័ក្រ ហៅចិន បានសារភាពថា រូបគេនិងឈ្មោះ រិន ម៉ីលី ធ្លាប់មានរឿងវាយគ្នាកាលនៅក្នុងពន្ធនាគារ និងធ្លាប់វាយគ្នានៅផ្សារអគ្គ: នៅបរិវេណកាស៊ីណូ ហើយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ រូបគេក៏បានកាប់ទៅលើឈ្មោះ រិន ម៉ីលី និងឈ្មោះ ផាត វណ្ណនេត ផងដែរ ដោយផ្អែកតាមបណ្តឹង និងការចង្អុលបង្ហាញរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ មាស សុភ័ក្រ ហៅចិន ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រុងប៉ោយប៉ែតរៀបចំសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមផ្លូវច្បាប៕

 

មតិយោបល់