ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស០៥នាក់ រងរបួសធ្ងន់ស្រាល

កំពង់ស្ពឺ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង៣០នាទី នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ០៥-០៦ នៅចំណុចភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បណ្តាលឲ្យមនុស្សចំនួន៥នាក់ រងរបួសធ្ងន់ស្រាល ។

មន្ត្រីនគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ថាត រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិតាំងស្រឹង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយចំនួន០៣នាក់៖ ១.ឈ្មោះ ថាត កក្កដា ភេទស្រី អាយុ ១៨ឆ្នាំ ២.ឈ្មោះ វ៉ាត សោភា ភេទស្រី អាយុ១៩ឆ្នាំ ៣.ឈ្មោះសៀក ស្រីឡែន ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា បើកបរពីទិសខាងកើតទៅទិសខាងលិច លុះមកដល់ចំណុចខាងលើ បានបើកវ៉ាប្រជែងចូលចំណែកផ្លូវម្ខាងទៀត រួចទៅបុកម៉ូតូ០១គ្រឿង ម៉ាក Honda dream C125 ពណ៌ខ្មៅស៊េរី២០១៣ ពាក់ផ្លាកលេខភ្នំពេញ1BS-8003 បើកបរដោយឈ្មោះ សួង កុលាប ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យគ្រោះថ្នាក់មនុស្សម្នាក់រងរបួសធ្ងន់ និងមនុស្ស៤នាក់ទៀតរងរបួសស្រាល និងខូចខាតម៉ូតូចំនួន២គ្រឿង។

មន្ត្រីដដែលបន្តថា ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទាំងពីរមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់