ព័ត៌មានជាតិ

បង្រ្កាបករណីជួញដូរគ្រឿងញៀន ចំនួន៣គោលដៅនៅកន្លែងផ្សេងគ្នា រឹបអូសវត្ថុតាងជាង៣គីឡូ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទី កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន ដឹកនាំដោយលោក សារី បុត្រសត្យា លោក យឹម សែនឧត្តម លោក ស៊ុន ពុធរស្មី នាយករងមន្ទីរ និងលោក តឹក សូនី នាយការិយាល័យ ក១០ មានការចូលរួមពីកម្លាំង នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ-ខេត្តកណ្ដាល ព្រមទាំងមានការសម្របសម្រួលពីលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្រ្កាបករណីជួញដូរគ្រឿងញៀន ចំនួន៣គោលដៅ ផ្សេងគ្នាជាបន្តបន្ទាប់ គោលដៅទី១៖ នៅក្នុងសង្កាត់ ខណ្ឌកំបូល រាជធានីភ្នំពេញ គោលដៅទី២ និងទី៣៖ នៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

កិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបង្រ្កាបចាប់ខ្លួនបានជនសង្ស័យ០២នាក់៖ ១-ឈ្មោះ សេង សុគន្ធថៃ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ ។ ២-ឈ្មោះ ព្រហ្ម វាសនា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ ។

វត្ថុតាងចាប់យកបាន៖ សរុប ៣ គ.ក្រ ២១៥.៣៨ ក្រាម រួមមាន៖ ១-មេតំហ្វេតាមីន (ICE)ទម្ងន់ ៣ គ.ក្រ ១៤៦.៣៧ ក្រាម ។ ២-អ៊ិចស្តាស៊ី (MDMA)ទម្ងន់ ៦៧.៨៧ក្រាម ។ ៣-នីមេតាហ្សេប៉ាម ទម្ងន់ ១.១៤ក្រាម ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់តាមនីតិវិធី ៕

មតិយោបល់