ព័ត៌មានជាតិ

ដកតំណែងពីប្រធាមន្ទីរពេទ្យស្រុកមង្គលបុរី ដោយសាមានប្រតិកម្មពីអភិបាលខេត្តបន្ទាយមានជ័យ

ភ្នំពេញ ៖ លោកវេជ្ជបណ្ឌិត ច័ន្ទ វុឌ្ឍីណាវុធ ត្រូវបានដកតំណែងពីប្រធាមន្ទីរពេទ្យមិត្តភាពកម្ពុជា -ជប៉ុន ស្រុកមង្គលបុរី បន្ទាប់ពីមានប្រតិកម្មរបស់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធការគ្រប់គ្រងមន្ទីរពេទ្យខេត្តមួយនេះមិនបានល្អ និងមានការរិះគន់ពីមហាជន ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ការសម្រេចចិត្តដកលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ នេះ ដោយសារខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រង​របស់លោកជាប្រធាន​មន្ទីរ​ពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ហើយរឿងនេះក៏ដឹងដល់សម្តេចតេជោផងដែរ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ក្រោយពីមានរឿងក្នុងករណីខ្វះទំនួលខុសត្រូវក្នុងការគ្រប់គ្រងរបស់លោកប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី រួចមក ក្រុមប្រឹក្សាវិន័យ បានបើកកិច្ចប្រជុំ ហើយបានសម្រេចផ្តល់​ទំនុក​ចិត្តដល់លោកបណ្ឌិត ទុ បារាំង អនុប្រធានឱ្យឡើងជាបេក្ខជនប្រធានថ្មី»។

លោកវេជ្ជបណ្ឌិត បានបន្តថា «ឥឡូវរដ្ឋបាលខេត្ត បានសម្រេចតែងតាំងលោកចក្ខុបណ្ឌិត ទុ បារាំង ជាប្រធានពេញសិទ្ធិតែម្តង អត់ចាំបាច់ឆ្លងកាត់ប្រធានស្តីទី ឬអនុប្រធានក្តាប់រួមអីទេ»។

សូមរំលឹកថា រឿងហេតុដែលឈានដល់ដកហូតតំណែងលោកវេជ្ជបណ្ឌិត ច័ន្ទ វិឌ្ឍីណាវុឌ្ឍ ពីប្រធានមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា- ជប៉ុនមង្គលបូរីនេះ បានកើតឡើងក្រោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានទៅ​បរិច្ចាគឈាម ដើម្បីជួយសង្គ្រោះលោកវរសេនីយ៍ទោម្នាក់​ជាអង្គរក្សសម្តេចតេជោ ដែលរលាកខ្នែងពោះវៀន កម្រិតធ្ងន់ហើយត្រូវវះកាត់ ដោយសារក្នុង​ឃ្លាំងឈាម នៃមន្ទីរពេទ្យគ្មានឈាម។

នាឱកាសបរិច្ចាគឈាមនោះ លោកអភិបាលខេត្តបានសរសេរបង្ហោះក្នុងគណនី Facebook ផ្លូវការរបស់លោកថា «កាលពីយប់ ម៉ោង១០ ៖ ០៥នាទី បានទៅបរិច្ចាគឈាម ដើម្បីជួយ​សង្រ្គោះលោក អិន លីអាន មានឋានន្តរស័ក្តិវរសេនីយ៍ទោ ជាក្រុមការងារអង្គរក្សសម្តេចតេជោ ដែលមានបេសកកម្ម នៅខេត្តបន្ទាយមានជ័យ ដែលត្រូវធ្វើការវះកាត់នៅមន្ទីរពេទ្យខេត្តមង្គលបូរី ស្របពេលនោះ លោកប្រធានមន្ទីរពេទ្យបានប្រាប់ថា ជាគោលការណ៍ត្រូវរកអ្នកឱ្យឈាមជំនួស និងបង់ថ្លៃសេវា ជាមុនធ្វើការវះកាត់ ទោះអ្នកជំងឺធ្ងន់ក៏ដោយ តើការគ្រប់គ្រងរបៀបនេះ គួរត្រូវ​សម្រេចយ៉ាងម៉េចចំពោះអ្នកគ្រប់គ្រងដែលមិនគិតពីក្រមសីលធម៌ និងមិនចេះចាត់ចែងការងារ ហើយមិនមែនលើកទីមួយទេ គឺច្រើនលើកហើយដែលប្រជាពលរដ្ឋតែងតែរអ៊ូរទាំ​លើការ​ផ្តល់​សេវា​របស់ប្រធានមន្ទីរពេទ្យខេត្តមួយនេះ»៕

ប្រភព៖​​​​​​ BTV

មតិយោបល់