ព័ត៌មានជាតិ

មនុស្សលង់ទឹកស្លាប់៣នាក់ ក្នុងថ្ងៃតែមួយនឹងកន្លែងផ្សេងគ្នា នៅខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្សចំនួន០៣នាក់ បានបាត់បង់ជីវិត ក្នុងករណីលង់ទឹកដោយឡែកពីគ្នា០៣ករណី នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ​នៅខេត្តបន្ទាយមានជ័យ ។ ករណីទី០១ នៅស្រុកមង្គលបូរី ,ករណីទី០២ នៅក្រុងប៉ោយប៉ែត និងករណីទី០៣ នៅស្រុកភ្នំស្រុក ។

ករណីទី០១ តាមប្រភពព័ត៌មាន ពីនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង០៤និង២៤នាទីល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ មានក្មេងស្រីម្នាក់ឈ្មោះ ធា ស្រីលិ អាយុ១១ឆ្នាំ នៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទៅលេងទឹកប្រឡាយ ដែលមានជម្រៅជ្រៅ ខាងកើតភូមិចម្ងាយពីភូមិ១០០០ម៉ែត្រ បណ្តាលឲ្យលង់ស្លាប់ ។

ករណីទី០២ នៅក្រុងប៉ោយប៉ែត តាមការឲ្យដឹងពីនគរបាល នៅវេលាម៉ោង០៤និង២០នាទីល្ងាច ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ មានបុរសម្នាក់ឈ្មោះ សុន សាវុធ ភេទប្រុស អាយុ៤២ឆ្មាំ រស់នៅភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុជនរងគ្រោះ បានបើកទូកទៅនេសាទត្រី នៅក្នុងតំបន់បឹងអូខៃដន ពីរនាក់កូនប្រុស អាយុ១៣ឆ្នាំ ខណៈនោះ ជនរងគ្រោះបើកទូកជ្រុលទៅបុកច្រាំង បណ្តាលឲ្យបុរសជាឪពុកបានធ្លាក់ពីលើទូក ហូររសាត់តាមទឹកបាត់ខ្លួនតែម្តង ។ បន្ទាប់មកកម្លាំងផ្នែកសឹករងក្រុងប៉ោយប៉ែត ចំនួន១០នាក់ បានរុករកជាច្រើនម៉ោងទើបប្រទះឃើញសព ។

ករណីទី០៣ នៅស្រុកភ្នំស្រុក តាមការឲ្យដឹងពីនគរបាលស្រុកភ្នំស្រុក នៅវេលាម៉ោង០៦និង៤០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះដែរ មានបុរសម្នាក់ឈ្មោះ អឿន រិន ហៅម៉ាប់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិ កន្ទួត សង្កាតភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ បានទៅដាក់បង្កៃស្ទូចត្រី នៅចំណុចលូបួនជ្រុង ខាងកើតភូមិគោករំចេក ចំងាយ១,៣០០ម៉ែត្រ ស្ថិតក្នុងឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ មុនពេលកើតហេតុ តាមការឲ្យដឹងពីអ្នកទៅដាក់បង្កៃជាមួយគ្នាប្រាប់ថា ក្រោយពីបុរសរងគ្រោះ បានដាក់បង្កៃស្ទូចត្រីរួច ក៏ដើរមកលាងជើង លាងដៃ នៅខាងមុខលូ ស្រាប់តែរអិលជើងធ្លាក់ចូលទៅក្នុងលូ ទឹកកំពុងហូរខ្លាំងនិងបានស្រែកឲ្យជួយ តែជួយមិនទាន់ ដោយសារតែទឹកហូរខ្លាំង ហើយជនរងគ្រោះបានរសាត់ទៅចូលក្នុងចរវ៉ដាក់ត្រី បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់មកក៏នាំគ្នាយកកន្ត្រៃ មកកាត់ចរវ៉អូសមកលើគោក តែជាអកុសល ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ទៅហើយ ។ ករណីជនរងគ្រោះស្លាប់ទាំង០៣នាក់ ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យកោលសល្យវិច្ច័យរួច បានប្រគល់ជូនក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់