ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនប្រុសស្រី ២នាក់ ករណីប្រើប្រាស់សារធាតុញៀន និងដកហូតវត្ថុតាងមួយចំនួន

មណ្ឌលគិរីៈ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៦និង០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មកថា មានបុរសម្នាក់មានកាន់អាវុធមួយដើម នៅចំណុចផ្លូវលំក្រោយលីលីសាន់រ៉ាយរីសត ស្ថិតនៅភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ក្រោយមកកម្លាំងសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុ រួចក៏បានសួរនាំ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ ស្រី០០នាក់ ដូចខាងក្រោម៖
១.ឈ្មោះ សោម រ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

បានឆែកឆេរនិងដកហូតសម្ភារៈ វត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់ (០១កញ្ចប់តូច និង០១កញ្ចប់ធំល្មម)
២.អាវុធកែច្នៃបាញ់គ្រាប់កង់ ០១ដើម
៣.ទូរស័ព្ទ ០១គ្រឿង
៤.ម៉ូតូ ០១គ្រឿង
៥.ឧបករណ៍ និងសម្ភារៈកែច្នៃសម្រាប់ជក់មួយចំនួន។

ក្រោយមកកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលមនោរម្យ ដឹកនាំដោយលោក ស៊ុម សោភ័ណ្ឌ ស្នងការរង ដោយមានការសម្របសម្រួលពី លោក ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី និងចូលរួមពីសង្កាត់មនោរម្យ បានចុះឆែកឆេរបន្ទប់ជួលរបស់ជនសង្ស័យខាងលើ ស្ថិតនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ។ បានឆែកឆេរ រកឃើញ និងដកហូតសម្ភារៈ វត្ថុតាងរួមមាន៖
១.សារធាតុសង្ស័យជាសារធាតុញៀនមានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន០២កញ្ចប់តូច
២.អាវុធកែច្នៃបាញ់គ្រាប់កង់ ០១ដើម
៣.ឧបករណ៍ និងសម្ភារៈកែច្នៃសម្រាប់ជក់មួយចំនួន។

ក្រោយមកទៀតកម្លាំងសមត្ថកិច្ច ក៏បានធ្វើការធ្វើតេស្តទឹកម៉ូត្រ និងឃាត់ខ្លួនជនសង្ស័យប្រើប្រាស់គ្រឿងញៀន ចំនួន០២នាក់ ស្រី០១នាក់ ដូចខាងក្រោម៖
១.ឈ្មោះ បាវ ស្រីណាង ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិដើមស្រល់ សង្កាត់មនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន(+)។
២.ឈ្មោះ ញូញ ម៉ាប់ ហៅចន្ធី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ជាលទ្ធផលវិជ្ជមាន(+)។

ដកហូតសម្ភារៈ វត្ថុតាងរួមមាន៖
១.ម៉ូតូ ០១គ្រឿង
២.ទូរស័ព្ទ ០២គ្រឿង
៣.ឧបករណ៍ និងសម្ភារៈជក់មួយចំនួន។

ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងកម្លាំងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់