ព័ត៌មានជាតិ

យកម៉ូតូសង្សារទៅយកមិត្តភក្តិ បែរជាត្រូវចោរភ្ជង់ប្លន់យកZoomer-X ទៅបាត់នៅមុខបុរីសែនមនោរម្យ​!

ភ្នំពេញ: នារីម្នាក់ បានជិះម៉ូតូZoomer-X មួយគ្រឿង ទៅយកមិត្តភក្តិ ខណ:ជិតដល់ ស្រាប់តែជួបក្រុមជនសង្ស័យមួយក្រុម ប្រដាប់ដោយកាំភ្លើងភ្ជង់ប្លន់យកម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៨ នៅមុខបុរីសែនមនោរម្យ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោចចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបនាងនិងសង្សារបាននាំគ្នាធ្វើដំណើរមកខេត្តតាកែវ ហើយបានសម្រាកនៅផ្ទះសំណាក់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ខណ:កំពុងគេង ស្រាប់តែមិត្តភក្តិម្នាក់ឲ្យទៅយកគេដើម្បីមកគេងជាមួយគ្នា។

ជនរងគ្រោះបានបន្តថា ភ្លាមនោះរូបនាងក៏ជិះម៉ូតូម៉ាកZoomer-X តែម្នាក់ឯងរបស់សង្សារមកយកមិត្តភក្តិនៅម្តុំបុរីសែនមនោរម្យ ខណ:មកជិត ដល់ស្រាប់តែមានជនសង្ស័យមួយក្រុម មានគ្នា៦ទៅ៧នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ហើយបានជិះមកស្កាត់មុខ រួចដកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូគេចខ្លួនដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅ៣ ដើម្បីកំណត់មុខសញ្ញា៕

មតិយោបល់