សៀមរាបៈ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៨និង០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចភូមិចន្លាស់ដៃ (ខាងត្បូងតាផូ) ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនៃអធិការដ្ឋាននគរបាល ស្រុកក្រឡាញ់បានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូម៉ាកនិច ( Nex) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ប.ជ 1S.2089 បើកបរដោយឈ្មោះ ហូន លីហៀង ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅ ភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងទិសដៅពីត្បូងទៅជើង បានបុកគោយន្តកន្ត្រៃពីក្រោយ ម៉ាក គូប៊ូតា ពណ៌ក្រហម បើកបរដោយឈ្មោះ យន យុត ភេទប្រុស អាយុ ៤១ឆ្នាំ ទីលំនៅភូមិ ស្នួល ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកបរក្នុងទិសដៅស្របទិសគ្នា ។
ក្នុងហេតុការណ៍នេះ បណ្ដាលអោយរបួសធ្ងន់ឈ្មោះ ហូន លីហៀង ខូចខាតម៉ូតូចំនួន០១គ្រឿង (ធ្ងន់) និងគោយន្តកន្ត្រៃចំនួន០១គ្រឿង (ស្រាល) ។
លោកវរសេនីយ៍ឯក អធិការបានបញ្ជាក់មូលហេតុគ្រោះថ្នាក់ បណ្តាលមកពីរអ្នកបើកម៉ូតូ បើកបរក្នុងល្បឿនលឿន និង គោយន្តកន្រ្តៃគ្មានចំណាំងផ្លាតនៅពីក្រោយ ។
ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង បញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ហើយប្រមូលវត្ថុតាងយកមករក្សាទុក នៅប៉ុស្តិ៍រដ្ឋបាល ដើម្បីចាត់ការតាមនីតិវីធីច្បាប់បន្ត ៕
មតិយោបល់