ព័ត៌មានជាតិ

រថយន្តតូយ៉ូតាព្រូសពីរគ្រឿងបុកគ្នាពេញទំហឹង នៅផ្លូវបែកជាបួន បណ្តាលឲ្យខូចខាតទាំងសងខាង

ភ្នំពេញ: បុរសមួយក្រុមសង្ស័យស្រវឹង បើករថយន្តតូយ៉ូតា ព្រូសមួយគ្រឿង បោះពួយយ៉ាងលឿន ដូចហោះ ដោយខ្វះការ ប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស មួយគ្រឿងទៀត ដែលកំពុងបើកឆ្លងផ្លូវបំបែកជាបួន ចំពេញទំហឹង វិលក្បាលរថយន្ត ត្រឡប់ក្រោយវិញ ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២យប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាង យានយន្ត ថែទាំរថយន្ត Namas.K261 តាមបណ្ដោយផ្លូវ១៥៦ កែងផ្លូវ២៦១ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តមួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-7276 ។ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីត្បូងទៅជើង ។
លុះដល់ចំណុចកើតហេតុ ដែលជាផ្លូវបំបែករថយន្តក៏បានបើកឆ្លងកាត់ផ្លូវ១៥៦ ។ ស្របពេលនោះដែរ ក៏ស្រាប់តែមានរថយន្ត មួយគ្រឿងទៀតម៉ាក តូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1249 ។ ដែលបើកបរដោយបុរសមួយក្រុម មានគ្នា៣ទៅ៤នាក់ តាមបណ្ដោយផ្លូវ១៥៦ ទិសដៅពីកើតទៅលិច និងក្នុងល្បឿនយ៉ាងលឿន ។ ដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្តតូយ៉ូតាព្រូស ដែលឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តនោះវិលក្បាល ត្រឡប់ ក្រោយវិញរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ និងអ្នកបើកបររងរបួសបែកក្បាល ។ ចំណែកឯរថយន្តតូយ៉ូតាព្រូស ពាក់ស្លាកលេខ ខេមរភូមិន្ទ បានជ្រុលហួសបន្តទៅមុខចម្ងាយប្រមាណ២០ម៉ែត្រពីកន្លែងកើតហេតុ ទើបរថយន្តអស់ល្បឿនទៅមុខលែងរួច ។ ហើយអ្នក បើកបររួមទាំងអ្នករួមដំណើរក៏បាននាំគ្នា ចុះពីលើរថយន្តគេចខ្លួនចេញ ពីកន្លែងកើតហេតុ បាត់ស្រមោល ចោលរថយន្តរបស់ខ្លួ នដែលរងការ ខូចខាតផ្នែកខាងមុខចំហៀងខាងឆ្វេង ។ បន្ទាប់មកក៏មានសមត្ថកិច្ចមូលដ្ឋាន បានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗ ផងដែរ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញក៏បានចុះមក ធ្វើការវាស់វែង ស្ទូចយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក ដើម្បីរង់ចាំដោះស្រាយ ទៅតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត ៕

មតិយោបល់