ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ជួញដូរថ្នាំញៀនឆ្លងខេត្ត ផ្ញើតាមរយៈក្រុមហ៊ុនដឹកជញ្ជូនមួយ

កណ្ដាលៈ យោងតាមផេកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១និង១៥នាទី ចំណុចស្ថិតនៅភូមិ អង្គស្នួលទី១ឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល មានករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)។

ជនសង្ស័យម្នាក់ ភេទប្រុស ឈ្មោះ ចាន់ សុវិចិត្រ ហៅចូច អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅ ភូមិត្រពាំងវែងឃុំឆក់ឈើនាង ស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន) ធ្វើតេស្តរកសារធាតុញៀនវិជ្ជមាន(+) ។

វត្ថុតាងដកហូត៖
-ក្រាមពណ៌សថ្លាសង្ស័យថា សារធាតុញៀនម៉ាទឹកកកចំនួន ០១កញ្ចប់មធ្យម។
-ប្រអប់ទូរស័ព្ទម៉ាក (oppoa54) ដាក់ថ្នាំញៀន។
-ថង់ច្រកប្រអប់ទូរស័ព្ទ០១ ពណ៌ស មានឈ្មោះ យីហោ កុសល ភារី។
-វិក័យបត្របង់លុយផ្ញើ០១សន្លឹក
-ម៉ូតូ០១គ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០០៨ ពាក់ស្លាកលេខ កំពង់ធំ 1B-2120។
-ទរស័ព្ទដៃ ០២គ្រឿងម៉ាកណូគាអិនចុចពិល០១និងម៉ាកសាំសុង( Samsung) ០១គ្រឿង។

សភាពនៃរឿងហេតុ៖ នៅវេលាម៉ោង ៧និង៤០ កម្លាំងជំនាញប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីឈ្មោះ នុត ពៅ ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន មានស្នាក់ការនៅភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាលថា នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៦និង៣០នាទីព្រឹក មានបុរសម្នាក់អាយុប្រហែល ២៦ឆ្នាំ ជិះម៉ូតូយកសម្ភារៈមកផ្ញើទៅខេត្តកំពង់ធំ(ដំរីជាន់ខ្លា) ដោយប្រាប់ថា ទូរស័ព្ទដៃ ហើយបុរសនោះប្រាប់ថាខ្ញុំទៅដកលុយសិនចាំមកបង់សេវា ផ្ញើរួចហើយជិះម៉ូតូចេញបាត់ទៅដោយមានការសង្ស័យប្រអប់ទូរស័ព្ទស្រាល បុគ្គលិកក្រុមហ៊ុនក៏បាននាំគ្នាបើកប្រអប់ទូរស័ព្ទមើល មិនឃើញមានទូរស័ព្ទឃើញមានតែថ្នាំញៀន០១កញ្ចប់មធ្យមនៅក្នុងប្រអប់នោះ។ ក្រោយពីទទួលបានព័ត៌មានរួច ភ្លាមនោះកម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានរាយការណ៍ជូនលោកអធិការ ដើម្បីទទួលបទបញ្ជា។ បន្ទាប់ពីបានទទួលបទបញ្ជាពីលោកអធិការរួចហើយ កម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំពើកចុះទៅ ដល់ចំណុចក្រុមហ៊ុន រួចឃ្លាំចាំមើលមុខសញ្ញាយកលុយមកបង់ថ្លៃសេវាផ្ញើតាមការណាត់ជាមួយក្រុមហ៊ុន។ លុះដល់វេលាម៉ោង ១និង១៥នាទី ជនសង្ស័យក៏បានយកលុយមកបង់ថ្លៃសេវាផ្ញើ សមត្ថកិច្ចក៏បានឃាត់ខ្លួនដើម្បីសួរនាំ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ ចាន់ សុវិចិត្រហៅចូច បាន ឆ្លើយ សារភាព ថា ថ្នាំញៀន នេះខ្លួនទិញ ពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះនៅភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទិញមួយកញ្ចប់តម្លៃ ២០ដុល្លារ(ម្ភៃដុល្លារ) ផ្ញើទៅឲ្យមិត្តភក្តិឈ្មោះ ចំណាប់ ភេទប្រុស អាយុប្រហែល ១៨ឆ្នាំ នៅដំរីជាន់ខ្លា ខេត្តកំពង់ធំ។

ដោយមានបទបញ្ជា ពីលោកស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលឯកភាពពីលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល មានការចូលរួម ពីលោកនាយនាយរងប៉ុសិ៍រដ្ឋបាល ក្រុមប្រឹក្សាឃុំ លោកមេភូមិ បុគ្គលិកក្រុមហ៊ុន និងនៅចំពោះមុខជនសង្ស័យ កម្លាំងជំនាញ និងប៉ុស្តិ៍បានធ្វើការឆែកប្រអប់ទូរស័ព្ទ ឃើញមានថ្នាំញៀនប្រភេទម៉ាទឹកកក០១កញ្ចប់ដាក់ក្នុងប្រអប់។ ជនសង្ស័យឈ្មោះ ចាន់ សុវិចិត្រ ហៅចូច បានសារភាពទៀតថា ខ្លួនពិតជាបានផ្ញើថ្នាំញៀនតាមរយៈក្រុមហ៊ុននោះ ទៅឲ្យមិត្តភក្តិនៅខេត្តកំពង់ធំពិតប្រាកដមែន។

ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរបន្ត និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់