ព័ត៌មានជាតិ

បង្ក្រាបល្បែងស៊ីសងខុសច្បាប់មួយកន្លែង កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនស្រ្តីម្នាក់

ពោធិ៍សាត់ៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅក្នុងកិច្ចប្រតិបត្តិការ ចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ (លក់កន្ទុយលេខ) វេលាម៉ោង៣និង២៣នាទីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ នៅចំណុចផ្សារចាស់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ដោយកម្លាំងនគរបាលអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក កាំង កុសល ស្នងការរងទទួលបន្ទុកការងារ បង្ក្រាបបទល្មើសបានសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋគ្រប់គ្នា សូមចូលរួមសហការជិតស្និទ្ធជាមួយសមត្ថកិច្ចនគរបាល ក្នុងការអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព គឺរួមគ្នាលុបបំបាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបទល្មើសនានាក្មុងមូលដ្ឋាន ដើម្បីមានសន្តិសុខល្អ ។

នៅក្នុងសកម្មភាពចុះបង្ក្រាប ល្បែងស៊ីសងខុសច្បាប់ខាងលើនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ស្រ្តីម្នាក់ឈ្មោះ ម៉ឹង ផាស៊ី អាយុ៤១ឆ្នាំ រស់នៅភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ជាអ្នកលក់ (កន្ទុយលេខ) មកកាន់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបំពេញនិតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ ។

លោកវរសេនីយ៍ឯក កាំង កុសល ស្នងការរងទទួលបន្ទុក ដឹកនាំកងកម្លាំងនគរបាលអន្តរាគមន៍ពិសេស ក្នុងការបង្ក្រាបបទល្មើសបានឲ្យដឹងថា ចំពោះស្រ្តីខាងលើនេះសមត្ថកិច្ច បានធ្វើកិច្ចសន្យាអប់រំចំនួន២ដងរួចមកហើយ នៅតែមិនព្រមរាងចាលនោះឡើយ។

លោកស្នងការរងបានឲ្យដឹងថា ដោយអនុវត្តជាប្រចាំចំពោះគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងការណែនាំក្រើនរំលឹក របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ កម្លាំងកងអន្តរាគមន៍ពិសេស បានចុះបង្ក្រាបបទល្មើសនានា ក្នុងមូលដ្ឋានដូចភ្លៀងរលឹម ៕

មតិយោបល់