ភ្នំពេញៈ រថយន្តទំនើបមួយគ្រឿង បោះពួយយ៉ាងលឿន ចុះពីលើស្ពាន៧មករា សង្ស័យងោកបានជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវ និងបង្គោលភ្លើងបាក់រាបដល់ដី រងការខូចខាតរថយន្តផុងមួយកំណាត់មុខទៅលែងរួច សំណាងល្អមិនមានអ្នករបួស ។
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយ កំណាត់ផ្លូវសហពន្ធ័រុស្សី ចំណុចចុងស្ពានអាកាស៧មករា១៥០ម៉ែត្រ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក រ៉យ រ៉យ ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR IDOL បើកបរក្នុងទិសដៅពីកើតទៅលិច ចុះពីលើស្ពាន៧មករា ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកក្បាលព្រួញចែកទ្រូង និងបង្គោលភ្លើងបាក់រាបដល់ដី ខូចខាតយ៉ាងដំណំ រថយន្តបង្កផុងមួយកំណាត់មុខជាប់ និងក្បាលព្រួញមិនអាចបន្តបណ្ដើរមុខទៀតបាន ។ ក្រោយហេតុការណ៍ អ្នកបើកបរបានគេចខ្លួនពីកន្លែងកើតហេតុបាត់ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងទៅសមត្ថកិច្ច ជំនាញចរាចរណ៍ស្នងការាជធានីភ្នំពេញ មកវាស់វែងស្ទូចរថយន្តបង្កយកទៅរក្សាទុក រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
មតិយោបល់