ព័ត៌មានជាតិ

Update៖ រថយន្តស្ទូចបើកចូលផ្លូវគ្រលុក កៀរកៀបក្មេងប្រុសម្នាក់ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ: ក្មេងប្រុសម្នាក់ បានស្លាប់ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីរថយន្តស្ទូច បើកកៀរកៀបផ្ទប់នឹងជញ្ជាំងផ្ទះ កាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវលំក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

ក្មេងប្រុសរងគ្រោះ ឈ្មោះ ម៉េង យៀកឆាន់ អាយុ១១ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៥ ឪពុកឈ្មោះ សួន ចន្ធី មុខរបរលក់ដូរ ម្តាយឈ្មោះ ហេង ផល្លា មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិអូរ ឃុំស្វាយរំពា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែករថយន្តបង្កប្រភេទស្ទូច ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ 3D-6903 ដឹកគ្រឿងដែក អ្នកបើកបរ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននាំទៅប៉ុស្តិ៍ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ក្មេងរងគ្រោះ រត់លេងតាមផ្លូវមុខ ផ្ទះជួលខាងលើ ក្នុងសភាពតូចចង្អៀត លុះពេលដែលឃើញរថយន្តបង្កបើកពីត្បូងទៅជើង ក្មេងរងគ្រោះ ព្យាយាមគេច ដោយឈរអែបជាប់នឹងជញ្ជាំង ហើយរថយន្តនៅតែបន្តទៅមុខ តាមផ្លូវសភាពចង្អៀតខាងលើ ស្រាប់តែកៀរកៀបក្មេងខាងលើ ផ្ទប់នឹងជញ្ជាំងផ្ទះ បណ្តាលឲ្យបែកក្បាល រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ ដឹកបញ្ជូនទៅមន្ទីពេទ្យ តែជាអកុសលបានស្លាប់បាត់ជីវិត សពត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យ រងចាំជំនាញចុះទៅពិនិត្យ រីឯរថយន្តបង្កវិញ ក្រោយកើតហេតុ ព្យាយាមបន្តដំណើរទៅមុខ ជិតដល់ប្រឡាយទួលពង្រ ត្រូវបានប្រជាពលរដ្ឋឃាត់ទាំងរថយន្ត ទាំងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច ។

ករណីរថយន្តបង្កគ្រោះថ្នាក់ខាងលើ ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង រួចនាំយករថយន្តបង្ក និងអ្នកបើកបរទៅកាន់ការិយាល័យចរាចរណ៍ជើងគោក ស្នងការក្រុងភ្នំពេញ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

មតិយោបល់