ព័ត៌មានជាតិ

ចាន់ វឌ្ឍនាកា និង សមាជិក ៥នាក់ទៀត នៃក្រុមជម្រើសជាតិ បានឆ្លងកូវីដ១៩!

CAMSOC-ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសថា កីឡាករជម្រើសជាតិកម្ពុជា ៦រូប ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ អំឡុងបំពេញបេសកកម្មក្នុង​ការប្រកួតជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅប្រទេសបារ៉ែន គឺមានកីឡាករ ចាន់ វឌ្ឍនាកា, គួច សុកុម្ភៈ, សឿយ វិសាល, សារ៉េត គ្រីយ៉ា, កែវ សុខសិលា និង អ៊ាន ពិសី។

បច្ចុប្បន្នកីឡាករកម្ពុជាទាំង ៦រូប កំពុងសម្រាកព្យាបាលនៅសណ្ឋាគារមួយ ដែលរៀបចំដោយក្រសួងសុខាភិបាលប្រទេសបារ៉ែន។ រីឯកីឡាករ និងក្រុមការងារក្រុមជម្រើសជាតិកម្ពុជាផ្សេងទៀត មិនមានបញ្ហាអ្វីនោះទេ បន្ទាប់ពីធ្វើតេស្ដ PCR ហើយពួកគេ នឹងត្រូវចាកចេញពីបារ៉ែននាល្ងាចនេះ លើកលែងតែកីឡាករវិជ្ជមានកូវីដ-១៩ ដែលត្រូវសម្រាកព្យាបាលនៅបារ៉ែន រហូតជាសះស្បើយ។ នេះបើយោងតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

គួរបញ្ជាក់ថា ការឆ្លងជំងឺរាតត្បាតជាសកលរបស់កីឡាករជម្រើសជាតិខាងលើ កើតមានឡើងអំឡុងពេលក្រុមគោព្រៃកម្ពុជា ធ្វើការប្រកួតជម្រុះ Play-Off ជាមួយកោះហ្គាំ ដោយបានយកឈ្នះទាំង២ជើង ក្នុងលទ្ធផល ៣-១ ដើម្បីឡើងទៅវគ្គជម្រុះជុំទី៣ នៃពានរង្វាន់ AFC Asian Cup China 2023៕
រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

មតិយោបល់