ភ្នំពេញៈ ជនសង្ស័យម្នាក់បានប្រើល្បិចហៅជាងសោឲ្យមកធ្វើសោម៉ូតូឲ្យខ្លួន មានអីប៉ះចំម៉ូតូសន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ចដាក់ខ្នោះល្មម។
ករណីនេះកើតឡើងកាលពីវេលាម៉ោង១១និង៣៥នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចកន្លែងផ្ញើម៉ូតូក្នុងផ្សាររតនាផ្លាហ្សា ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឯម សុដាចាន់ ហៅ លី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣២៩ ផ្លូវជាតិលេខ៥ សង្កាត់មិត្តភាព ខណ្ឌឫស្សីកែវ។
ចំណែកជនរងគ្រោះមានឈ្មោះ ហាស់ សុធាវី ភេទស្រីអាយុ១៨ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅផ្ទះលេខ៥៦L៨E0E១ ផ្លូវ២៣០ ភូមិ៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា Beat ស៊េរីឆ្នាំ២០១៨ ពណ៌ក្រហម លាយស ពាក់ស្លាកលេខ ភ្នំពេញ1HE-8737 មកធ្វើការនៅផ្សាររតនាផ្លាហ្សាហើយទុកនៅកន្លែងផ្ញើ ហើយខ្លួនក៏ចូលទៅធ្វើការ។
លុះដល់ម៉ោងកើតហេតុខាងលើ ស្រាប់តែមានសន្តិសុខទៅប្រាប់ថា មានគេហៅជាងមកធ្វើសោម៉ូតូ ពេលនោះខ្លួនក៏ចុះមកដល់ក៏ប្រាប់ថានេះជាម៉ូតូរបស់ខ្លួន ទើបនាំគ្នាឃាត់ខ្លួនជនសង្ស័យយកមកប្រគល់ឲ្យសមត្ថកិច្ចតែម្តង។
ប្រភពពីជាងធ្វើសោ បានឲ្យដឹងថា
នៅមុនពេលកើតហេតុ មានយុវជនម្នាក់(ជនសង្ស័យ)បានមកហៅគាត់ឲ្យទៅធ្វើសោម៉ូតូឲ្យគេដោយប្រាប់ថាសោម៉ូតូគេខូច ពេលនោះគាត់ក៏មកដល់កន្លែងទុកម៉ូតូក្នុងផ្សាររតនាផ្លាហ្សា ប៉ុន្តែគាត់មានការសង្ស័យក៏ហៅសន្តិសុខនិងអ្នកគ្រប់គ្រង់ឲ្យមកជួយមើល ពេលជនរងគ្រោះមកដល់ទើបដឹងថាជាម៉ូតូរបស់សន្តិសុខធ្វើការនៅក្នុងផ្សារនោះហើយក៍គ្នាឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ទឹកថ្លាតែម្តង។
ក្រោយពីសមត្ថកិច្ចសួរចម្លើយតាមជំនាញរួច ទើបជនសង្ស័យឆ្លើយសារភាពថាកាលពីយប់ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿងនៅកន្លែងផ្ញើម៉ូតូផ្សារអ៊ីអន២ក្នុងសង្កាត់ភ្នំពេញថ្មី ដោយប្រើល្បិចហៅជាងសោឲ្យមកធ្វើសោហើយក៏ជិះចេញទៅបាត់យកទៅបញ្ចាំបានលុយ៣០០ដុល្លារចាយអស់។ ក្រោយមកខ្លួនក៏បានហៅជាងធ្វើសោក្នុងបំណងលួចម៉ូតូគេបន្តទៀតតែត្រូវគេចាប់ប្រគល់ឲ្យសមត្ថកិច្ចតែម្តង៕
មតិយោបល់