ព័ត៌មានជាតិ

រថយន្ត FORD បើកលឿនជ្រុលបុកឡាន RANG ROVER បណ្តាលឲ្យខូចខាតយ៉ាងដំណំ

ភ្នំពេញៈ រថយន្តម៉ាក ford មួយគ្រឿងបើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជាបួនមិនប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្ត rang rover កំពុងបើកឆ្លងផ្លូវចំពីចំហៀងមុខខាងស្តាំ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ៣៣១ កែងនិងផ្លូវ៥៦៨ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មាន ពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញរថយន្តម៉ាក range rover ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BI-0006 បើកបរតាមបណ្ដោយផ្លូវ៣៣១ ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងទៀត ម៉ាក ford ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8633 បើកបរតាមបណ្តោយផ្លូវ៥៦៨ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន ក៏ជាន់ហ្រ្វាំងមិនជាប់ ជ្រុលទៅបុករថយន្ត rang rover ចំពីចំហៀងមុខខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តគៀបជាប់គ្នា រងការខូចខាតទាំងសងខាង ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុភ្លាមៗ រួចឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដោយភាគីរថយន្តបង្កមិនចង់វែងឆ្ងាយ ក៏ព្រមសងជាសំណងទៅលើរថយន្ត rang rover ថ្លៃជួសជុលបញ្ចប់រឿង នៅកន្លែងកើតហេតុ ៕

មតិយោបល់