-

ជនសង្ស័យម្នាក់ ត្រូវកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើអំពើហិង្សា

កណ្តាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃច័ន្ទ ១២កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង​១៤ និង៣៥នាទី មានករណីហិង្សាដោយចេតនា ចំណុចរង្វង់មូល លោកតាម៉ៅ ភូមិ​​តាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

ជនរងគ្រោះ២នាក់៖ ១​-ឈ្មោះ​ ហ៊ី ហឿន ភេទ​ប្រុស អាយុ​៤៧ឆ្នាំ ខ្មែរទីលំនៅភូមិ​ទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបររត់តាក់ស៊ី ។ ២-ឈ្មោះ ប៊ុន សុខហេង ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធា ។ ចំណែកជនសង្ស័យ២នាក់៖ ១-ឈ្មោះ ​កុយ សុភា ភេទប្រុស​ អាយុ​៣៧ឆ្នាំ ទីលំនៅភូមិ​ថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ខោអាវ (ឃាត់​ខ្លួន​) ។ ២-ឈ្មោះ អ៊ួង ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅមិនពិតប្រាកដ មុខរបរកម្មករសំណង់ (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ ដាវដែកដងឈើចំនួន១ ប្រវែង៦០ស.ម (របស់ជនសង្ស័យ) ។

នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះ និងមិត្តភក្តិកំពុងតែហូបបាយជុំគ្នា មានចំនួន០៤នាក់ ពេលនោះស្រាប់តែ ជនសង្ស័យឈ្មោះ កុយ សុភា បានជិះម៉ូតូ១គ្រឿងមិនចាំម៉ាកមកឈប់ក្បែរ ហើយបានបោះពាក្យសំដីថា ថ្ងៃនេះចង់ធ្វើឆ្កែស៊ីមួយ ឮដូច្នេះជនរងគ្រោះបាននិយាយថា នៅទីនេះគ្មានឆ្កែទេ មានតែមនុស្សពុំមានឆ្កែទេ បើចង់ស៊ីឆ្កែទៅរកកន្លែងផ្សេងទៅ ជនសង្ស័យតបវិញថា ចាំបន្តិចទៀតធ្វើស៊ីឥឡូវហើយ ហើយក៏ជិះម៉ូតូចេញទៅបាត់ ។

លុះប្រហែល២០នាទីក្រោយមក ស្រាប់តែជនសង្ស័យហៅបក្ខពួកមកម្នាក់ទៀតឈ្មោះ អ៊ួង ជាអ្នកបើកម៉ូតូ រីឯជនសង្ស័យឈ្មោះ កុយ សុភាជិះខាងក្រោយ ដោយមានកាន់ដាវមួយដើម ចុះមកដេញកាប់ទៅជនរងគ្រោះ តែមិនត្រូវទេព្រោះជនរងគ្រោះ បានរត់គេចចេញទាន់ ហើយរាយការណ៍ជូនសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ កុយ សុភា រួមទាំងវត្ថុតាង បញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់