ក្នុងឱកាសអញ្ជើញពិនិត្យស្ថានភាពទឹកជំនន់នៅស្រុកលំផាត់ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម គិត ទ្រី អភិបាលរងខេត្ត តំណាងឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថាពលរដ្ឋជាង១០០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ត្រូវបានអាជ្ញាធរជម្លៀស មកទីទួលមានសុវត្ថិភាព និងទទួលបានជំនួយបឋមគ្រឿងឧបភោគបរិភោគពីអាជ្ញាធរខេត្ត។
ឯកឧត្តម គិត ទ្រី បន្តថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ បានធ្វើអោយទន្លេស្រែពកហក់ឡើង ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ខែតុលានេះ បានជន់លិច បណ្តាលអោយរងផលប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ១,៦៨៤គ្រួសារ ស្មើនឹង៦,៨៨៤នាក់ ដែលរស់នៅឃុំចំនួន៣ គឺឃុំសេដា ឃុំជ័យឧត្តម និងឃុំកាឡែង សរុបទាំងអស់ស្មើនឹង១៣ភូមិ ដែលក្នុងនោះរងផលប៉ះពាល់ដល់ដីស្រែប្រជាពលរដ្ឋសរុបចំនួន ១,៨៤៤ហិកតា និងផ្ទៃដីចំការសរុបចំនួន ៥១៨ហិកតា។
ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ក្រោយពីទឹកទន្លេឡើងដល់កម្ពស់ប្រកាសអាសន្ន ចាប់ផ្ដើមមានការលិចលង់ផ្ទះប្រជាពលរដ្ឋភ្លាម គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី បានឆ្លើយតបភ្លាមៗ ដោយបានចាត់កម្លាំងទៅចាប់ផ្ដើមជម្លៀសប្រជាពលរដ្ឋដែលទឹកលិចផ្ទះរបស់ពួកគាត់មកទីទួលមានសុវត្ថិភាពអោយបានទាន់ពេលវេលា គិតមកដល់រសៀលថ្ងៃទី១៩នេះ គឺមានប្រមាណជាង១០០គ្រួសារ។ ឯកឧត្តមបានបន្ថែមថា អាជ្ញាធរស្រុកបានបន្ដជូនព័ត៌មានអោយប្រជាពលរដ្ឋរស់នៅភូមិ ដែលនៅជាប់មាត់ទន្លេ ដើម្បីអោយពួកគាត់បានត្រៀមទុកជាមុននូវហេតុការណ៍ដែលអាចកើតមានឡើងនាពេលទឹកឡើង ពោលគឺបានត្រៀមទូក អូប័រ និងពោងសម្រាប់ជម្លៀសប្រជាពលរដ្ឋ ហេីយបានចាត់មន្រ្ដីតាមដានទឹកទន្លេជាប្រចាំ និងបានត្រៀមសេចក្ដីជូនដំណឹងផ្សេងៗពាក់ព័ន្ធទឹកជំនន់ផងដែរ។
ក្នុងឱកាសនេះផងដែរ ឯកឧត្តម ក៏បាននាំយកអំណោយរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តរតនគិរី ប្រគល់ជូនដល់អាជ្ញាធរស្រុក រួមមាន ៖ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ទឹកត្រី និងតង់ សម្រាប់បែងចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងអំឡុងពេលដែលពួកគាត់ត្រូវបានជម្លៀសមកទីទួលមានសុវត្ថិភាពនេះ៕
ប្រភព៖ មន្ទីរព័ត៌មានខេត្តរតនគិរី
មតិយោបល់