ភ្នំពេញៈ នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង មានជនបរទេសចំនួន០២នាក់ បើកបររថយន្តមួយគ្រឿង ក្នុងល្បឿនមួយយ៉ាងលឿន បានបុកម៉ូតូមួយគ្រឿងពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវលេខ១៩២៨ ក្នុងភូមិកោះអណ្ដែត សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ថោង ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើកបររថយន្ដ ស្នាក់នៅផ្ទះលេខ១៥ ផ្លូវលំភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ បើកបរម៉ាកហុងដា PCX ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ 1GO-0318 រងការខូចខ្ទេចមួយកំណាត់មុខ ។
មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AV-2799 មានបុរសជនបរទេស ចំនួន០២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ។ មកដល់ត្រង់ចំណុចកើតហេតុ មានម៉ូតូជនរងគ្រោះធ្វើដំណើរបញ្ច្រាសទិសគ្នា បើកបត់ឆ្វេងឆ្លងផ្លូវបត់ត្រលប់ក្រោយ ស្របពេលនោះរថយន្តកំពុងធ្វើដំណើរលឿន ជាន់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលអូសជាច្រើនម៉ែត្រ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុ តែម្តង ។ ភ្លាមៗនោះរថយន្តបានបើករត់គេចប្រហែល២០០ម៉ែត្រ ក៏រលត់ម៉ាស៊ីនទៅមុខលែងរួច ។
បន្ទាប់ពីកើតអ្នកបើកបរ និងអ្នករួមដំណើរនៅក្នុងរថយន្ត មិនហ៊ានចុះចេញពីរថយន្តនោះទេ ដោយខ្លាចប្រជាពលរដ្ឋ ព្រួតគ្នាវាយបានសម្ងំនៅក្នុងរថយន្ត រង់ចាំទាល់តែសមត្ថកិច្ចមកដល់ ទើបហ៊ានចេញពីក្នុងរថយន្ត ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមកទាក់ទងហៅសាច់ញាតិ មកទទួលយកសពជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាងសមត្ថកិច្ចធ្វើការវាស់យកទៅរក្សាទុក ជាបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់