CAMSOC-ភ្នំពេញ៖ ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៥ (ថ្នាក់ខេត្ត) ឆ្នាំ២០២១ បានរកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រហើយ គឺក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ ក្រោយបញ្ចប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅល្ងាចថ្ងៃទី២០ ខែតុលានេះ ខណៈខេត្តត្បូងឃ្មុំ បានទទួលជ័យជម្នះ ដោយស្វ័យប្រវត្តិលើខេត្តបាត់ដំបង។
ចំពោះក្រុមកោះកុងអេហ្វស៊ី បានយកឈ្នះខេត្តបន្ទាយមានជ័យ ១-០ នៅកីឡដ្ឋាន AEU Sport Park។ ក្នុងជំនួបចាញ់ធ្លាក់នេះ កោះកុង បានបើកការនាំមុខគូប្រជែង ១គ្រាប់មុន នៅវគ្គទី១ តាមរយៈការទាត់បាល់ចេញពីជ្រុង ហើយបំប៉ោងសំណាញ់ទីដ៏ល្អ ពីសំណាក់កីឡាករ ហ៊ឹម រ៉ស់សាលី នៅនាទី៤៥+១ ហើយលទ្ធផលនេះ បានរក្សារហូតដល់ចប់ ៩០នាទី បន្ទាប់ពីបន្ទាយមានជ័យ ព្យាយាមវាយបកវិញ តែធ្វើពុំបានសម្រេច។
ដោយឡែក ជំនួបវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ១គូទៀត ត្រូវបានគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC សម្រេចលុបចោលការប្រកួតភ្លាមៗ ដោយផ្ដល់ជ័យជម្នះដល់ខេត្តត្បូងឃ្មុំ ក្នុងលទ្ធផល ៣-០ លើខេត្តបាត់ដំបង បន្ទាប់ពីរកឃើញកីឡាករខេត្តបាត់ដំបង ៤រូប មានវិជ្ជមានកូវីដ-១៩។ ក្នុងព្រឹត្តិការណ៍នេះ នាំឲ្យខេត្តបាត់ដំបង អស់ឱកាសបន្ដការប្រកួតទៀត សូម្បីការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ ក៏ដោយ។
យោងតាមការជូនដំណឹងរបស់ CNCC គឺបានរកឃើញកីឡាករ ២រូបរបស់ខេត្តបាត់ដំបង ពេលធ្វើតេស្ដមុនការប្រកួតលើកទី១ កាលពីថ្ងៃទី១៨ ខែតុលា និងបន្ដរកឃើញកីឡាករ ២រូបបន្ថែមទៀត មានវិជ្ជមានកូវីដ-១៩ ក្នុងការធ្វើតេស្ដលើកទី២ មុនការប្រកួត នៅថ្ងៃទី២០ ខែតុលានេះ។ ដូច្នេះ យោងតាមបទបញ្ជាការប្រកួត ក៏ដូចជាយោងតាមស្មារតីកិច្ចប្រជុំបន្ទាន់រវាងភាគីពាក់ព័ន្ធ CNCC ក៏សម្រេចលុបចោលការប្រកួតតែម្ដង។
ដោយហេតុនេះ ក្រុមកោះកុងអេហ្វស៊ី និងខេត្តត្បូងឃ្មុំ នឹងត្រូវជួបគ្នា ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៣ ខែតុលា ចុងសប្ដាហ៍នេះ ដើម្បីប្រជែងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ខេត្ត) ឆ្នាំ២០២១។ ម្យ៉ាងវិញទៀត ក្រុមទាំងពីរ រួមទាំងខេត្តបន្ទាយមានជ័យ បានទទួលសិទ្ធិចូលរួមប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (ថ្នាក់ជាតិ) ហើយខេត្តបន្ទាយមានជ័យ ក៏ទទួលបានចំណាត់ថ្នាក់លេខ៣ នៃពានថ្នាក់ខេត្ត ដោយស្វ័យប្រវត្តិផងដែរ៕
ប្រភពរូបភាព៖ CNCC
មតិយោបល់