បាត់ដំបងៈ នៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ អនុវត្តតាមយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជ្រោយស្តៅចុះអនុវត្តដីកា បញ្ជាឱ្យចូលខ្លួនរបស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តបាត់ដំបងចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ដោយបាននាំខ្លួនមុខសញ្ញា ជនសង្ស័យចំនួន០៤នាក់គឺ៖
១-ឈ្មោះ ឡា សុជាតិ ហៅបឿក ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ សុវណ្ណ ពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្តៅ ស្រុក ថ្មគោល ខេត្តបាត់ដំបង ។
៣-ឈ្មោះ ជួន សុខសាន្ត ហៅ ម៉ៅ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
៤-ឈ្មោះ ចាន់សុជា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
ករណីជនសង័្សយខាងលើ បានធ្វើសកម្មភាព បំផ្លាញទ្រព្យសម្បត្តិ (គប់កញ្ចក់រថយន្តពេលយប់នៅ មូលដ្ឋានស្រុកថ្មគោល) ។
សូមជម្រាបជូនថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២០និង០០នាទី នៅលើផ្លូវជាតិលេខ៥ ក្នុងភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីធ្វើឱ្យខូចខាត ដោយចេតនា (គប់កញ្ចក់រថយន្ត) មួយបាន កើតឡើងបង្កដោយជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពយកដុំថ្មគប់ កញ្ចក់រថយន្ត០១គ្រឿងម៉ាក ហ្វុយសូ FUSO ពណ៌បៃតងចាស់ ពាក់ស្លាកលេខភ្នំពេញ 3 C-8681 របស់ឈ្មោះ អុន ពិសិទ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិក្តុល ឃុំកំពង់អុស ស្រុកពញ្ញាឭ ខេត្តកណ្តាល បណ្តាលឱ្យបែកកញ្ចក់ខាងមុខ ខណៈជនរងគ្រោះកំពុងបើកបរលើផ្លូវជាតិពីទិសខាង ជើងទៅទិសខាងត្បូង ។
លុះដល់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០និង ៣០នាទី នៅចំណុចក្រុមទី២៧ ភូមិជ្រោយស្ដៅ ឃុំជ្រោយស្ដៅ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគប់កញ្ចក់រថយន្ត០១លើកទៀត បណ្ដាលឱ្យបែកកញ្ចក់រថយន្តចំនួន០៣គ្រឿង ដែលម្ចាស់រថយន្តមានឈ្មោះដូខាងក្រោម៖
១-ឈ្មោះ សុខ ទៀប ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះ អណ្ដែត ខេត្តតាកែវ រថយន្តម៉ាកហ៊ីណូ HiNO ពាក់ស្លាកលេខស្វាយរៀងបី 3A-0101 ខូចខាតបែកកញ្ចក់ខាងមុខ ។
២-ឈ្មោះ លី ហុង ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសេរីសោភណ្ឌ ខេត្តបន្ទាយមានជ័យ រថយន្តម៉ាក អ៊ីណូ ENO ពាក់ស្លាកលេខភ្នំពេញ 3A-3818 ខូចខាតបែកបញ្ចក់ខាងមុខ ។
៣-ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់ សៀម ខេត្តកំពង់ចាម រថយន្តពាក់ស្លាកលេខព្រះសីហនុ 3A-5423 ខូចខាតបែកកញ្ចក់ខាងមុខ ។
នៅក្រោយកើតហេតុ គប់កញ្ចក់រថយន្តទាំង០២ លើកខាងលើនេះ សមត្ថកិច្ចបានចុះធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងកំណត់បានមុខ សញ្ញាចំនួន០៤នាក់ខាងលើ និងបញ្ជូនសំណុំរឿងទៅអយ្យការ អមសាលាដំបូងខេត្តបាត់ដំបង ហើយ នៅថ្ងៃនេះ សមត្ថកិច្ចបាននាំខ្លួនជនសង័្សយខាងលើ មកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកថ្មគោល ក្នុងការសាកសួរ នេះជនសង្ស័យទាំង០៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាព គប់កញ្ចក់រថយន្តទាំង០២ លើកខាងលើពិត ប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកថ្មគោល និងរៀបចំបញ្ជូនមកការិយាល័យជំនាញ អនុវត្តបន្តតាមនីតិវិធី ៕
មតិយោបល់