ព័ត៌មានជាតិ

មន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្ត សំណូមពរឲ្យអ្នកបើកបរ ត្រូវមានសុជីវធម៌ និងការអធ្យាស្រ័យយោគយល់គ្នាទៅវិញទៅមក

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា សុជីវធម៌និងការអធ្យាស្រ័យ របស់អ្នកបើកបរមិនមែនជាសិទ្ធិនោះទេ ក៏ប៉ុន្តែជាអភ័យឯកសិទ្ធិ យោគយល់គ្នាទៅវិញទៅមកជាការល្អបំផុត នេះគឺជាប្រសាសន៍ក្រើនរំលឹកឡើងវិញ របស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន។

ជាមួយគ្នានោះដែរ ដើម្បីបញ្ជៀសនិងកាត់បន្ថយនៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនោះ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ និងមន្ត្រីជំនាញសហការជាមួយមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូន បើកបរយានយន្តគ្រប់ប្រភេទ នៅកន្លែងបំបែកទ្រូងផ្លូវច្រើនដំណាក់លើផ្លូវជាតិលេខ ៥ ដល់អ្នកបើកបរមិនទាន់យល់ពីទិសចរាចរណ៍ ផ្លាកសញ្ញាឬក៏ជាព្រួញសញ្ញាជាដើម។

លោក សុក ចាន់ថា បានបញ្ជាក់ថា ៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវតែយល់ពីច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាដូចជា ៖ គោរពសញ្ញាចរាចរណ៍ ភ្លើងសញ្ញា ស្លាកសញ្ញាទ្រូងចែកផ្លូវ និងសញ្ញាព្រួញ។ល។ ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវិសាលភាពគ្របដណ្តប់ រាល់ការធ្វើចរាចរណ៍លើផ្លូវថ្នល់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្បាប់នេះមានគោលបំណង រក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងការធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ដល់អ្នកបើកឲ្យធ្វើចរាចរណ៍ជាសាធារណ: ការពារអាយុជីវិតមនុស្ស សត្វនិងការពារបរិស្ថាន ទប់ស្កាត់ការប៉ះពាល់ សុខភាពមនុស្សនិងការខូចខាតទ្រព្យសម្បត្តិរដ្ឋនិងឯកជន។

លោកប្រធានមន្ទីរបញ្ជាក់ថា ៖ ការបើកបរដោយគោរពច្បាប់ចរាចរណ៍យ៉ាងម៉ឹងម៉ាត់ ក៏ចាត់ទុកថាជាការបើកបរប្រកបដោយសុជីវធម៌ដែរ។ ក្នុងការចុះធ្វើការផ្សព្វផ្សាយណែនាំនេះដើម្បីជាជំនួយស្មារតី ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកដែលមានសារ:សំខាន់ ត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវដែលមន្ត្រីជំនាញខិតខំអប់រំណែនាំ យើងសង្កេតឃើញថាមានអ្នកបើកបរជាច្រើនរួមមាន ម៉ូតូ រថយន្ត តូចធំ និងគោយន្តជាដើម ការយល់ដឹងនៅមានកម្រិត នៅមិនទាន់យល់ពីសញ្ញាទិសចរាចរណ៍ ឬក៏គំនូសព្រួញសញ្ញាបណ្ដាលឲ្យការបើកបរបញ្ច្រាស់ទិស ជាកត្តាបង្កគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ជាចុងក្រោយលោក សុក ចាន់ថា ក៏បានធ្វើការអំពាវនាវដល់ក្រុមហ៊ុនដឹកជញ្ជូន និងអ្នកធ្វើដំណើរគ្រប់ប្រភេទ ត្រូវអនុវត្តដោយទទួលខុសត្រូវខ្ពស់ គោរពនូវច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាបបំផុត។មួយវិញទៀតមិនត្រូវដឹកទំនិញលើសទម្ងន់ដែលក្រសួងសាធារណការកំណត់ ៕

 

មតិយោបល់