ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរា និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល រួមគ្នាដាំកូនឈើប្រមាណ ២០០០ដើមនៅវត្តអង្គរខាងជើង

អាជ្ញាធរជាតិអប្សរា និងគណ:គ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដែលសហការជាមួយព្រះសង្ឃ បានរួមគ្នាដាំកូនឈើប្រមាណ ២,០០០ដើម នៅបរិវេណវត្ត ឥន្ទបត្តបុរី(អង្គរខាងជើង) នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ដើម្បីប្រែទីនោះ ឱ្យក្លាយទៅជាសួនទេសភាពវប្បធម៌ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណ:និងជានាយកសាលាភូមិន្ទរដ្ឋបាល លោកជំទាវ យូ សុភា អភិបាលរងនៃគណ:អភិបាលខេត្ត ព្រមទាំងកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ព្រះសង្ឃ និងមន្រ្តី បុគ្គលិកជាអង្គ/នាក់ទៀត។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ក្នុងឱកាសដាំកូនឈើនោះ ថា ការរៀបចំដាំកូនឈើនៅវត្តឥន្ទបត្តបុរីពេលនេះមិនមែនសំដៅតែលើការលើកតម្លៃទេសភាពវប្បធម៌ដែលពាក់ព័ន្ធជាមួយវត្តអារាមនៅទីនោះឡើយ សំខាន់ គឺការផ្សារភ្ជាប់ការរៀបចំទីអារាមនេះទៅក្នុងតម្លៃលេចធ្លោជាសាកលរបស់រមណីយដ្ឋានអង្គរ ដែលរមណីយដ្ឋាននេះមិនត្រឹមតែជាអត្តសញ្ញាណជាតិរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏ជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិទាំងមូល។

ឯកឧត្តម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានវាយតម្លៃខ្ពស់ ចំពោះពិធីដាំកូនឈើ នៅពេលនេះ ថាជាការចូលរួមចំណែកយ៉ាងសំខាន់ដើម្បីបំពេញបន្ថែមនូវកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ក្នុងក្របខណ្ឌកែលម្អបរិស្ថានក្នុងតំបន់អង្គរ ពីព្រោះថា ដើមឈើមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតមនុស្ស និងបរិស្ថាន។

នេះមិនមែនជាលើកទីមួយទេ ដែលអាជ្ញាធរជាតិអប្សរា បានដាំដុះដើមឈើឡើងវិញនៅក្នុងបរិវេណឧទ្យានអង្គរ។ ចាប់តាំងពីឆ្នាំ២០០៤ រហូតមកដល់ពេលនេះ កូនឈើប្រណីតៗមាន បេង នាងនួន ធ្នង់ គ្រញូង និងកូនឈើចម្រុះជាច្រើនទៀត សរុបប្រមាណជាង២លានដើមហើយ ដែលអាជ្ញាធរជាតិអប្សរាបានដាំនៅក្នុងតំបន់ឧទ្យានអង្គរ។ ក្នុងនោះអាជ្ញាធរជាតិអប្សរា ក៏មានស្ថានីយបណ្តុះកូនឈើ ចំនួន១០ទីតាំង ដែលមានលទ្ធភាពបណ្តុះកូនឈើជាច្រើនម៉ឺនដើមក្នុងមួយឆ្នាំៗ ដើម្បីដាំដុះនិងចែកជូនសាធារណជនផង៕

អត្ថបទ៖ នាយកដ្ឋានផ្សព្វផ្សាយ
រូបភាព៖ លោក ហាប់ គឺមអាន

មតិយោបល់