(Reuters) - កាលពីថ្ងៃពុធ ចៅក្រមអាមេរិកម្នាក់បានបង្គាប់ឲ្យដាក់ពន្ធនាគារអតីតវិស្វករកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកម្នាក់ ខណៈដែលរូបលោកកំពុងរង់ចាំការជំនុំជម្រះលើការចោទប្រកាន់ពីបទប៉ុនប៉ងលក់ព័ត៌មានសម្ងាត់អំពីនាវាមុជទឹកប្រើប្រាស់ថាមពលនុយក្លេអ៊ែរទៅឲ្យមហាអំណាចបរទេសមួយ ។
ការបង្ហាញខ្លួននៅចំពោះមុខចៅក្រមនៅតុលាការសហព័ន្ធនៅទីក្រុង Martinsburg រដ្ឋ West Virginia លោក Jonathan Toebbe អាយុ ៤២ ឆ្នាំ មិនបានជំទាស់នឹងសំណើរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកចំពោះការឃុំខ្លួនលោកបណ្តោះអាសន្ននោះទេ។
ភរិយារបស់លោក Toebbe គឺលោកស្រី Diana អាយុ ៤៥ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទជួយស្វាមីបានស្នើសុំឲ្យមានការដោះលែងពីការឃុំខ្លួនបណ្តោះអាសន្ន។ ចៅក្រមបាននិយាយថា លោកស្រីនឹងនៅជាប់ឃុំឃាំងរហូតដល់ចៅក្រមចេញសេចក្តីសម្រេចជាលាយលក្ខណ៍អក្សរតាមការស្នើសុំរបស់លោកស្រី។ គ្រួសារ Toebbe មានកូនពីរនាក់ដែលមានអាយុ ១១ ឆ្នាំ និងអាយុ ១៥ ឆ្នាំ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងយុត្តិធម៌បាននិយាយថាលោក Jonathan និងលោកស្រី Diana Toebbe ត្រូវបានចាប់ខ្លួននៅថ្ងៃទី ០៩ ខែតុលា នៅ Jefferson County រដ្ឋ West Virginia បន្ទាប់ពីប្រតិបត្តិការស៊ើបអង្កេតដោយភ្នាក់ងារបង្កប់ FBI។ ពួកគេបានស្ថិតនៅក្នុងការឃុំឃាំងរបស់តុលាការសហព័ន្ធចាប់តាំងពីត្រូវបានចាប់ខ្លួន។
កាលពីថ្ងៃពុធ មេធាវីរបស់លោកស្រី Diana Toebbe បាននិយាយអំឡុងសវនាការថា លោកស្រីគ្មានកំហុស និងចង់សាងភាពត្រឹមត្រូវរបស់លោកស្រី។ ប៉ុន្តែមេធាវីរបស់លោក Jonathan Toebbe បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេ។
Toebbe ជាវិស្វករនុយក្លេអ៊ែរដែលទទួលខុសត្រូវលើសន្តិសុខសម្ងាត់កំពូល ត្រូវបានចោទប្រកាន់ពីបទបញ្ជូនឯកសារកងទ័ពជើងទឹកទៅអង្គភាពបរទេសមួយដែលមិនបញ្ចេញឈ្មោះនៅឆ្នាំ ២០២០ រួមជាមួយការណែនាំអំពីរបៀបទទួលបានព័ត៌មានបន្ថែម។
ក្រសួងយុត្តិធម៌មិនបានប្រាប់ឈ្មោះប្រទេសដែលជាប់ពាក់ព័ន្ធនោះទេ ៕



មតិយោបល់