បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ប្រុស-ស្រីចំនួន៣នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីចាត់វិធានការតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ស៊ិន ធិនដេត ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយ ឃុំ សង្កាត់ មានសុវត្ថិភាព និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម កើត សុណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនសង្ស័យ ជួញដូរគ្រឿងញៀន ជាបន្តបន្ទាប់ ចំនួន៣នាក់ ស្រីម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួនធំ ។
លោកស្នងការរង បានបរៀបរាប់ដោយបញ្ជាក់ថា នៅវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលការិយាល័យជំនាញ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចរោងស្នាក់នៅប្រក់កៅស៊ូតង់ក្បែរបេនឡានថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងជំនាញបានចុះប្រតិបត្តិការទៅកន្លែងនោះ និងបានធ្វើការត្រួតពិនិត្យឆែកឆេរ រកឃើញវត្ថុតាងម្សៅក្រាមសថ្លា ចំនួ១២ថង់ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាន់ ស្រីរ័ត្ន ភេទស្រី អាយុ៣៥ឆ្នាំ យកមកសួរនាំនៅការិយាល័យ ជនសង្ស័យបានសារភាពថាថ្នាំញៀនទាំងនេះ ខ្លួនបានទិញពីអ្នកលក់នៅក្រុងប៉ោយប៉ែត តម្លៃ ៤៥០ដុល្លារអាមេរិក ។
លោកវរសេនីយ៍ឯក ស៊ិន ធិនដេត បន្តថា ដោយមានការសហការពីឈ្មោះ ចាន់ ស្រីរ័ត្ន បានព្យាយាមអូសទាញមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ទៀត នៅវេលាម៉ោង៣រសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ កម្លាំងជំនាញចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យ៉ុម ចាន់នី ភេទប្រុស អាយុ ២៩ឆ្នាំ ក្នុងបរិវេណកាស៊ីណូផ្កា៥ ស្ថិតក្នុងភូមិក្បាល១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបន្តទៅឆែកឆេររកឃើញវត្ថុតាងថ្នាំញៀនចំនួន៧ថង់ លាក់ទុកក្នុងកេសដែក ក្នុងបន្ទប់ជួលស្នាក់នៅ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត និងបានឃាត់ខ្លួនឈ្មោះ យី ផល្លី ហៅម៉ៅ ភេទប្រុសអាយុ ៥១ឆ្នាំ ជាម្ចាស់ បន្ទប់ជួល ជាអ្នកដឹកជញ្ជូន និងប្រើប្រាស់គ្រឿងញៀន ។
លោកស្នងការរងបានបញ្ជាក់បន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ស្រីរ័ត្ន បានសារភាពថា ខ្លួនធ្លាប់ជួញដូរគ្រឿងញៀននេះជាច្រើនលើកមកហើយ ចំណែកឈ្មោះ យ៉ុម ចាន់នី សារភាពថា ខ្លួនគេជួញដូរថ្នាំញៀននេះរយៈពេល២ឆ្នាំមកហើយដែរ និងឈ្មោះ យី ផល្លី ក៏បានសារភាពថា ធ្លាប់ដឹកជញ្ជូនថ្នាំញៀនឲ្យអ្នកដែលបានកុម្មង់ទិញពីឈ្មោះ ចាន់នី ៕
មតិយោបល់