ភ្នំពេញៈ ផ្ទះឈើខាងលើថ្មក្រោម១ខ្នង ត្រូវបានភ្លើងឆាបឆេះអស់ទាំងស្រុង ខណៈដែលម្ចាស់មិននៅ ជាប់រវល់ចេញទៅធ្វើការ និងបានបិទទ្វារចាក់សោចោល កាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ម្ចាស់ឈ្មោះ ផាន់ សុវណ្ណ ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មកររោងចក្រ ហើយផ្ទះរបស់គាត់ ដែលទទួលរងការឆាបឆេះនោះ សាងសង់ពីឈើខាងលើ និងថ្មក្រោមដែល មានទំហំ៥ម៉ែត្រគុណនិង៧ម៉ែត្រ ។ ចំណែកទ្រព្យសម្បត្តិនៅក្នុងផ្ទះ ដូចជាលុយកាក់ ប្លង់ដី សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗទៀត ក៏ត្រូវភ្លើងឆេះអស់គ្មានសល់ឡើយ ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុម្ចាស់ផ្ទះ បានចេញក្រៅអស់ហើយ បានបិទទ្វារផ្ទះចោល ក្រោយមកក៏ស្រាប់តែឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្ដង ។ ខណៈនោះបានបង្កឲ្យមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងហើយអ្នកភូមិបាននាំគ្នា ហៅរថយន្តពន្លត់អគ្គិភ័យ ព្រមទាំងជួយពន្លត់ភ្លាមៗដែរ តែមិនរលត់សោះ ក្រោយមកទើបរថយន្តពន្លត់អគ្គភ័យ ទៅដល់ច្រើនគ្រឿង បានបាញ់ពន្លត់រហូតរលត់ទៅវិញទាំងស្រុង មិនឲ្យឆេះរាលឆ្លងដល់លំនៅដ្ឋាន ដែលស្ថិតនៅជិតគ្នានោះឡើយ ៕
មតិយោបល់