ព័ត៌មានជាតិ

តំណាងសម្តេចតេជោ ហ៊ុន សែន ប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០មុឺនដូស ជូនរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ

នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២១ ឯកឧត្តម អ៊ុច បូរិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើពិធីប្រគល់ និងទទួលវ៉ាក់សាំង ជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅក្នុងកាល:ទេស:ដែលប្រជាជនឡាវ កំពុងប្រឈមនិងជំងឺរាតត្បាតកូវិដ-១៩ដ៏សាហាវ។

ពិធីប្រគល់ និងទទួលវ៉ាក់សាំងស៉ីណូវ៉ាក់ទាំង២០ម៉ឺនដូស ធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ករបស់ឡាវ។
នៅក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ប៊ុនហ្វេង ភូមិម៉ាឡៃស៊ិត រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនឡាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំនួនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២០មុឺនដូស នាពេលនេះ ស្របពេលដែលប្រទេសឡាវ ក៏មិនខុសពីប្រទេសដទៃទៀតដែរ ដោយមានការឆ្លងជំងឺកូវីត១៩បំប្លែង ថ្មីយ៉ាងឆាប់រហ័សនៅក្នុងសហគមន៍។

ឯកឧត្តម អ៊ុច បូរិទ្ធ តាងនាមឱ្យរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តាំផ្ងើនូវការសាកសួរសុខទុក្ខនិងប្រសិទ្ធិពរជ័យជូនដល់ប្រជាជន និងរដ្ឋា- ភិបាលឡាវជាមិត្ត សូមជួបប្រទះតែសុខុមាលភាព សុភមង្គល សម្បូររុងរឿង និងទទួលបានជ័យជំនះក្នុងការ អភិវឌ្ឍន៍ របស់ខ្លួន។

ឯកឧត្តម បានបញ្ជាក់ថា ការរាតត្បាតនៃជំងឺកូវិដ-១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់មនុស្ស ដោយបាននាំមកនូវបញ្ហាប្រឈមជាច្រើន មិនត្រឹមតែសុវត្ថិភាព សុខភាពសាធារណៈ ប៉ុណ្នោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចខាតយ៉ាងខ្លាំង ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ និងការចល័តរបស់ប្រជាជន ដែលជាហេតុធ្វើឱ្យសេដ្ឋកិច្ចគ្រប់ប្រទេសនៅជុំវិញពិភពលោកធ្លាក់ចុះ។ នៅក្នុងបរិបទនេះ ការឆ្លើយតបជាសមូហភាព និងសាមគ្គីភាពនៅក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគីមិនអាចខ្វះបានទេដើម្បីដោះស្រាយផលប៉ះពាល់ដល់ធ្ងន់ធ្ងរនៃជំងឺដល់សាហាវនេះ និងធានាបាននូវការស្តារឡើងវិញយ៉ាងឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពនៅដំណាក់កាលក្រោយជំងឺរាលត្បាត។

ក្នុងនាមជាប្រទេសភូមិផងរបងជាមួយ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃព្រះរាជាណាចក្រកម្ពុជា បានប្រគល់អំណោយវ៉ាក់សាំងចំនួន ២០០,000 ដូស ជូនដល់ប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ជាបងប្អូន ដើម្បីរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន និងរដ្ឋាភិបាលឡាវក្នុងការបង្កា ការពារ និងប្រយុទ្ធប្រឆាំងនៃការរាលត្បាតជំងឺឆ្លងនេះ។

ឯកឧត្តម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានមកសង្កត់ធ្ងន់ថា អំណោយមនុស្សធម៏នៅក្នុងឱកាសនេះជាសក្ខីភាពនៃមនោសញ្ចេតនាដ៏ជ្រាជ្រៅ សាមគ្គីភាពស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អប្រសើជាប្រពៃណីដែលថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលទាំងពីរ កម្ពុជា-ឡាវ បានពូនជ្រំដើម្បីផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងពីរ។

ជាមួយនឹងសេចក្តីប្រាថ្នា និងការប្ដេជ្ញាចិត្តរួមគ្នារបស់ប្រជាជន និងរដ្ឋាភិបាលទាំងពីរ ឯកឧត្តម មានជំនឿជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលមានស្រាប់រវាងប្រទេសទាំងពីរនឹងត្រូវបាពង្រឹងនិងពង្រីកបន្ថែមទៀត ដើម្បីជាផលប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជនយើងទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព ស្ថេរភាព និងវិបុលភាពរួមនៅក្នុងតំបន់ និងពិភពលោក។
សូមបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ កម្ពុជា ធ្លាប់បានបរិច្ចាគបរិក្ខាការពារជំងឺកូវីដ១៩ ជូនប្រទេសមួយចំនួនផងដែរដូចជា ប្រទេសមីយ៉ាន់ម៉ា ទីម័រខាងកើត ឡាវ វៀតណាម និងប្រទេសនេប៉ាល់។

ដោយ: ទទក

មតិយោបល់