(ប៉េកាំង)៖ ចិនជំរុញឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយប្រុងប្រយ័ត្ន និងត្រឹមត្រូវ ដោយមិនគួរបញ្ជូនសារយល់ច្រឡំដល់អ្នកដែលចង់ទាមទារ ឯករាជ្យឱ្យតៃវ៉ាន់នោះឡើយ។ នេះបើតាមក្រសួងការបរទេសចិន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ធ្វើការកត់សម្គាល់ខាងលើនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃសុក្រនេះ ឆ្លើយតបទៅនឹងសំណួរជុំវិញការលើកឡើង របស់លោក ចូ បៃដិនដែលថាសហរដ្ឋអាមេរិកនឹងចូលជួយកោះតៃវ៉ាន់ ប្រសិនចិនប្រើកម្លាំងយោធាលើដែនកោះមួយនេះ។ បើតាមលោក Wang Wenbin, សហរដ្ឋអាមេរិកគួរតែ គោរពឱ្យបានភ្ជាប់ខ្ជូននូវគោលនយោបាយចិនតែមួយ និងសេចក្ដីថ្លែងការណ៍រួមរវាងចិន- អាមេរិក ពាក់ព័ន្ធនឹងកោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបន្ថែមថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ចិនដីគោក ដូច្នេះបញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ៕
ប្រភព៖ CGTN
មតិយោបល់