ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្តលឿន ជ្រុលបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យក្រឡាប់ផ្ងារជើង

ភ្នំពេញ: នៅវេលាម៉ោង១២និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តមួយគ្រឿង បោះពួយយ៉ាងលឿន ជ្រុលទៅបុកក្បាលព្រួញ ចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនមានអ្នករបួស ស្ថិតតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនិងផ្លូវ៩៥ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចម្ការមន ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ សង្ស័យស្រវឹងស្រា បើករថយន្តកាមរីហាយប្រីត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AE-8191 ធ្វើដំណើរទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ ខណ:មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុកក្បាលព្រួញចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងឡើងលើ ទ្រមេឃភ្លាមៗនោះដែរ ម្ចាស់រថយន្តបានលូនចេញពីក្នុងរថយន្តជិះកង់បីទៅបាត់ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលទាក់ទងទៅជំនាញចរាចរណ៍ក្រុង មកស្ទូចយកទៅរក្សាទុក រង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕

មតិយោបល់