ព័ត៌មានជាតិ

ករណីជនសង្ស័យ១០នាក់ ជិះទូកដេញបុកទូក និងវាយប្តីប្រពន្ធពីរនាក់ បណ្តាលឲ្យស្លាប់ប្រពន្ធ ត្រូវឃាត់ខ្លួនបានម្នាក់

តាកែវ: នៅថ្ងៃអង្គារ ១៣កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ មានករណីមនុស្ស ឃាតដោយចេតនាមួយករណី បង្កឡើងដោយជនសង្ស័យចំនួន១០នាក់ ទូកចំនួន ០៥គ្រឿង បានស្គាល់អត្តសញ្ញាណចំនួន០៥នាក់ រួមមាន៖

១-ឈ្មោះ ង៉ែត ញឹន រស់នៅភូមិព្រៃផ្គាំខ ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ខេត្តតាកែវ ។ ២-ឈ្មោះ វ៉ន ផល្លី ភេទប្រុស រស់នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ។ ៣-ឈ្មោះ សុះ ទីប រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ ។ ៤-ឈ្មោះ ហៃ ភេទប្រុស រស់នៅភូមិទួលពង្រ ឃុំគោកធ្លក ស្រុកអង្គរបូរី ខេត្តតាកែវ និង៥-ឈ្មោះ សុះ អាម៉ី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ និងបក្ខពួកចំនួន ០៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពបើកទូកដេញបុកទូក និងវាយទៅលើជនរងគ្រោះចំនួន០២នាក់មានរួមមាន៖

១-ឈ្មោះ តឿ ពុធ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្ទឹងកំបុត ឃុំអង្គរបូរី ស្រុកអង្គរបូរី បណ្ដាលឱ្យរងរបួសធ្ងន់ និងប្រពន្ធឈ្មោះ សុខ ស្រីល័ក្ខ អាយុ ២៥ឆ្នាំ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ។

ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនអស់ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម ក្រោមការដឹកនាំចង្អុលបង្ហាញ របស់លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធី ពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកបូរីជលសារបានស្រាវជ្រាវរហូតឃាត់ខ្លួន បានជនសង្ស័យម្នាក់ឈ្មោះ សុះ អាម៉ី នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២២និង០០នាទី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ នឹងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្ខពួកដែលរត់គេចខ្លួន ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់