ព័ត៌មានជាតិ

បុគ្គលិកកាស៊ីណូម្នាក់ ជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍ បណ្តាលឲ្យធ្លាក់ទឹកបាត់២ថ្ងៃ ទើបរកសពឃើញ

បន្ទាយមានជ័យ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់ជាបុគ្គលិកកាស៊ីណូបានជិះម៉ូតូបុកស្លាកសញ្ញាចរាចរណ៍រួចធ្លាក់ទឹកកន្លែងផ្លូវបែកជា៤ ផ្លូវវាងក្រុងសិរីសោភ័ណ បណ្តាលឲ្យស្លាប់ សមត្ថកិច្ចបានចុះរុករក២ថ្ងៃទើបឃើញសពអណ្តែតទឹក នៅម៉ោង៨ ព្រឹក ថ្ងៃ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ។

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរីបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ ២០២១ នៅវេលាម៉ោង៣ទៀបភ្លឺ មានបុរសម្នាក់បានជិះម៉ូតូ Dream ពណ៌ខ្មៅ ពាក់ស្លាកលេខបន្ទាយមានជ័យ.1M 5231 បើកដោយឈ្មោះ សឿន សារួន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មុខរបរបុគ្គលិកកាស៊ីណូ ក្រុងប៉ោយប៉ែត ។ ជនរងគ្រោះសង្ស័យបើកម៉ូតូលឿនពេលមកដល់ចំណុចកើតហេតុប្រឡាយមុខបួន ភូមិសាស្រ្តក្រុងសិរីសោភ័ណ ជាប់ស្រុកមង្គលបូរី ម៉ូតូជ្រុលទៅបុករនាំងស្លាកសញ្ញាបន្ថយល្បឿន ហើយបានរុលទៅមុខធ្លាក់ទឹកទាំងមនុស្សទាំងម៉ូតូបាត់ស្រមោលមនុស្សតែម្តង ។

លោកអធិការ បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ពេញ១ថ្ងៃទល់ព្រលប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កងកម្លាំងសមត្ថកិច្ចក្រុមរុករក និងសង្គ្រោះនៃគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបន្ទាយមានជ័យ យ៉ាងច្រើននាក់បានរកឃើញម៉ូតូនិងស្លាកសញ្ញាចរាចរណ៍ស្រង់ពីទឹកមកវិញ ប៉ុន្តែមនុស្សរកមិនឃើញទល់តែសោះ ។ លុះដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ម៉ោង៨ព្រឹក អ្នកនេសាទបានរកឃើញសពអណ្ដែតទឹក នៅវាលស្រែខាងជើងផ្លូវជាតិលេខ៥ ។ បន្ទាប់មកសមត្ថកិច្ច បានស្រង់សពជនរងគ្រោះ ប្រគល់ឲ្យក្រុមគ្រួសារ យកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់