ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបើកបរប៉ះទង្គិចគ្នា នៅត្រង់ចំណុចផ្លូវបែកជាបួន បណ្តាលឲ្យក្រឡាប់ផ្ងារជើងមួយគ្រឿង

ភ្នំពេញ: នៅវេលាម៉ោង១១ និង០០នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រថយន្តម៉ាកឡិចស៊ីស ពាក់ស្លាកលេខភ្នំពេញ 2AL-2001 (RX330) ពណ៌ស មួយគ្រឿង បើកបរដោយបុរសម្នាក់ ខណ:ធ្វើដំណើរ មកដល់ត្រង់ចំណុចផ្លូវបែកជាបួន បានប៉ះទង្គិចគ្នាជាមួយរថយន្តម៉ាក Range Rover មួយគ្រឿងទៀត បណ្តាលឲ្យក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ទីតាំងស្ថិតតាមបណ្តោយផ្លូវលេខ២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី០២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ តាមការធ្វើបទសម្ភាសន៍របស់ភ្នាក់ងារអង្គភាពសារព័ត៌មាន Post News យើងខ្ញុំជាមួយនឹង ម្ចាស់រថយន្តរងគ្រោះនៅត្រង់ចំណុចកន្លែងកើតហេតុ បាននិយាយរៀបរាប់ប្រាប់ឲ្យដឹងយ៉ាងដូច្នេះថា នៅមុនពេលកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AL-2001 (RX330) ពណ៌ស បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនឹងភរិយារបស់គាត់មានផ្ទៃពោះជិតគ្រប់ខែ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ២០៥ ចេញពីផ្ទះបងប្អូនរបស់គាត់ ។ ខណ:កំពុងធ្វើដំណើរសុខៗ មកដល់ចំណុចកើតហេតុត្រង់ផ្លូវបែកជាបួន ជិះជិតមកដល់ផ្ទះរបស់គាត់ទៅហើយ (ផ្ទះនៅទល់មុខ មន្ទីរពេទ្យរុស្ស៊ី ) ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក Range Rover ពណ៌ខ្មៅ បើកបរមកយ៉ាងលឿន បានប៉ះទង្គិចគ្នា បណ្តាលឲ្យជ្រុះធ្លាក់ស្លាករថយន្ត នៅកន្លែងកើតហេតុ ហើយរថយន្តនេះបានបើកបន្តដំណើរទៅមុខទៀតបាត់ស្រមោល ។ ចំណែកឯរថយន្តឡិចស៊ីស បានក្រឡាប់ផ្ងារជើង រងការខូចខាតយ៉ាងដំណំ ។ ករណីនេះមិនមានមនុស្សរងគ្រោះថ្នាក់អ្វីនោះទេ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងធ្វើការវាស់វែង ចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ បន្ទាប់មកសមត្ថកិច្ចបានឲ្យម្ចាស់រថយន្តរងគ្រោះខាងលើ ស្ទូចយករថយន្តរបស់ខ្លួនទៅធ្វើការជួសជុលដោយខ្លួនឯង ។ ដោយឡែក ស្លាករថយន្តម៉ាក Range Rover ដែលជ្រុះធ្លាក់នៅនឹងកន្លែងកើតហេតុនោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាភ័ស្តុតាង ដើម្បីស្រាវជ្រាវស្វែងរកម្ចាស់រថយន្តដែលបើកគេចខ្លួន ៕

មតិយោបល់