ព័ត៌មានជាតិ

ជនមួយក្រុមបង្កហិង្សា ផ្ទុះអាវុធ១គ្រាប់ក្នុងហាង (ម្លប់ស្បូវមាត់ព្រែក៩៩៩) និងវាយបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ នៅវេលាម៉ោង០៧ និង២១ នាទីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ មានករណីជនសង្ស័យមួយក្រុម មិនស្គាល់អត្តសញ្ញាណ បានចូលទៅអុកឡុកក្នុងហាងផឹកស៊ីមួយកន្លែងមានយីហោ (ម្លប់ស្បូវមាត់ព្រែក៩៩៩) បានធ្វើសកម្មភាព បង្កជម្លោះទាស់ពាក្យសម្តីគ្នា ផ្ទុះអាវុធ១គ្រាប់ គំរាមបាញ់សម្លាប់ និងវាយបុរសម្នាក់ បណ្តាលឲ្យត្រូវចំចិញ្ចើមបែកហូរឈាមស្រោចលើខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល កើតឡើង​ ទីតាំងស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦អា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុខាងលើនេះ នៅក្នុងហាងនោះមានមនុស្សម្នាចូលទៅផឹកស៊ីជាធម្មតា ដូចប្រក្រតី ។ លុះដល់វេលាម៉ោង០៧ និង២១នាទីយប់ ស្រាប់តែមានបក្ខពួកជនសង្ស័យមួយក្រុម ដោយមិនស្គាល់នូវអត្តសញ្ញាណនោះទេ បានជិះម៉ូតូមកឈប់ ហើយបាន ដើរចូលទៅក្នុងហាងដែលមានយីហោ ( ម្លប់ស្បូវមាត់ព្រែក៩៩៩ ) ស្រែករកប៉ារបស់គេ ព្រោះប៉ាគេបាននាំស្រីមកទីកន្លែងស៊ីផឹកនេះ ធ្វើឲ្យអ្នកដែលនៅក្នុងហាងនោះមានការងឿងឆ្ងល់គ្រប់គ្នា ។ បន្ទាប់មកពួកគេបានបង្កជម្លោះ ទាស់ពាក្យសម្តីដាក់គ្នា ទៅវិញទៅមក បានកើតជាអំពើហិង្សាឡើង រហូតឈានដល់ការផ្ទុះអាវុធ១គ្រាប់ គំរាមបាញ់សម្លាប់ និងវាយបុរសម្នាក់ ត្រូវចំចិញ្ចើមបែកហូរឈាម ស្រោចលើខ្លួនឡើងក្រហមច្រាល បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាន់តែខ្លាំងថែមទៀត និងធ្វើឲ្យមនុស្សនៅទីកន្លែងនោះ នាំគ្នាភ័យស្លន់ស្លោ និងជ្រួលច្របល់ ។ មួយសន្ទុះក្រោយមក ពួកក្រុមជនសង្ស័យទាំងនោះ បានឡើងបញ្ឆេះម៉ូតូជិះ ត្រលប់ទៅវិញបាត់អស់ ពីកន្លែងកើតហេតុនោះ ដោយរើសយកទាំងសម្បកគ្រាប់ផ្ទុះទៅជាមួយផង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះរងរបួសបែកចិញ្ចើមនោះ បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា ដើម្បីឲ្យកម្លាំងសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវស្វែងរកចាប់ខ្លួន បក្ខពួកក្រុមជនបង្កយកមកផ្តន្ទាទោសតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់