ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនមេខ្យល់៤នាក់ករណីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

បន្ទាយមានជ័យៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេខ្យល់ប្រុស-ស្រី៤នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងវរនគរបាលការពារព្រំដែនគោគ៨០៧កម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកស្វាយចេក ធ្វើការចាប់ឃាត់ខ្លួនខណ:កំពុងធ្វើសកម្មភាពនាំមនុស្សឆ្លងដែនទៅថៃខុសច្បាប់។

លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងទទួលផែនការងារព្រំដែនបានមានប្រសាសន៍ថាក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យទប់ស្កាត់រាល់បទល្មើសតាមព្រំដែនពិសេសបទល្មើសពលករឆ្លងដែនខុសច្បាប់ទៅប្រទេសថៃលោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ ក៏បានឃាត់ខ្លួនមេខ្យល់ប្រុស-ស្រីនាំមនុស្សឆ្លងដែនខុសច្បាប់ទៅថៃចំនួន៤នាក់និងពលករចំនួន១៣នាក់បញ្ជូនទៅឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយចេកអនុវត្តបន្តតាមនីតិវិធី។

ពាក់ពន្ធ័ករណីខាងលើនេះលោកស្រីឧត្តមសេនីយ៍ត្រី ឌីសជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងយេនឌ័របានមានប្រសាសន៍ថាជនសង្ស័យឈ្មោះសួន ម៉ាង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិចំការគ ស្រុកស្វាយចេក ជាមេខ្យល់ពិតប្រាកដដោយរូបគេបានយកប្រាក់ពីពលករក្នុង១នាក់២៥០០បាតជាថ្នូរជូននាំផ្លូវ។ចំពោះឈ្មោះចំ រើនធារ: ភេទប្រុស, ឈ្មោះចាន់ រស្មី ភេទស្រី និងឈ្មោះប្រម វិន័យ ភេទស្រី បានសារភាពថាពួកគេបានដឹកជញ្ជូនពលករតាមរថយន្តនិងម៉ូតូមកឲ្យមេខ្យល់ឈ្មោះសួនម៉ាននៅច្រកបឹងព្រីងក្នុង ភូមិថ្នល់បំបបែក ឃុំគោករមៀត ស្រុកថ្មពួក ពិតប្រាកដមែន។

លោកស្រីស្នងការរងបានបញ្ជាក់ថាបច្ចប្បន្នមេខ្យល់ប្រុស-ស្រីទាំង៤នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមច្បាប់និងបានតម្រូវឲ្យពួកគេប្រគលប្រាក់ជូនពលករទាំងអស់វិញ។ពលករទាំង១៣នាក់ក្នុងនោះក្មេងម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលព្យបាលកូវីដ-១៩ក្នុងក្រុងសិរីសោភ័ណ៕

 

មតិយោបល់