បាត់ដំបងៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង០០នាទី ត្រង់ចំណុចក្រុមទី០៥ ភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីក្មេងប្រុស២នាក់លង់ទឹកស្រះបណ្តាលអោយស្លាប់បាត់បង់ជីវិត។
ក្មេងប្រុសរងគ្រោះឈ្មោះលឿន ចិត្ត ភេទប្រុស អាយុ០៣ឆ្នាំ រស់នៅភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល និងឈ្មោះដួង ថៃ ភេទប្រុស អាយុ០៥ឆ្នាំ រស់នៅភូមិប៉ោយរំជៃ ឃុំរូងជ្រៃ ស្រុកថ្មគោល។
តាមការបំភ្លឺពីឈ្មោះផល ដួង ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិ-ឃុំជាមួយគ្នា(ត្រូវជាជីតា)បានបំភ្លឺថាកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦និង០០នាទី ខ្លួនកំពុងនៅនឹងផ្ទះស្រាប់តែចៅជីដូនមួយឈ្មោះលឿន វីត ភេទប្រុស អាយុ០៤ឆ្នាំ (បងសពឈ្មោះលឿន ចិត្ត) រត់មកប្រាប់ខ្លួនថាពីរនាក់នោះចុះលេងទឹកស្រះលិចក្នុងទឹកបាត់ហើយ។ភ្លាមនោះខ្លួននិងគ្រួសារក៏ទៅកន្លែងស្រះឃើញទ្រនាប់ជើងនៅមាត់ស្រះមួយចំហៀងនិងអណ្ដែតទឹកមួយចំហៀងខ្លួនក៏រាវរកតែមិនឃើញដោយសារទឹកជ្រៅខ្លួននិងគ្រួសារក៏រកសំណាញ់មកបង់ទើបប៉ះសពចៅឈ្មោះលឿន ចិត្ត និងសពឈ្មោះដួង ថៃ ស្រង់យកមកផ្ទះដាក់នៅលើគ្រែឆ្អើរភ្លើងតែពួកគាត់បានស្លាប់បាត់ទៅហើយរួចក៏រាយការណ៍ជូនសមត្ថកិច្ចតែម្ដង។
ក្រោយពីចុះពិនិត្យទីកន្លែងកើតហេតុនិងសាកសពព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុសមត្ថកិច្ចបានធ្វើការសន្និដ្ឋានបានថាក្មេងប្រុសរងគ្រោះទាំងពីរនាក់ខាងលើពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន។
បច្ចុប្បន្នសាកសពសមត្ថកិច្ចបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទំនៀមទំលាប់៕
មតិយោបល់