ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូបុករថយន្តលុចស៊ីសឈប់ចតស្ងៀមពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញៈ កាលពីវេលាម៉ោង ១២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ មានករណីបុរសម្នាក់ជិះម៉ូតូបុករថយន្តពីក្រោយ ដែលកំពុងឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ ស្ថិតតាមបណ្ដោយផ្លូវណត់ប្រ៊ីត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FN-7397 បើកបរដោយបុរសម្នាក់រងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង។
រថយន្តម៉ាក ឡិចស៊ីស RX330 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-8728 ឈប់ចតស្ងៀម។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើកម៉ូតូម៉ាកខាងលើ ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ជ្រុលបុករថយន្តពីក្រោយ ដែលកំពុងឈប់ចតស្ងៀមលើចិញ្ចើមផ្លូវ រងការខូចខាត បណ្ដាលឲ្យអ្នកបើកម៉ូតូ បោកផ្ទប់នឹងកញ្ចក់រថយន្តបែកក្បាលសន្លប់ស្ដូក។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះមកដល់ទីតាំងធ្វើការវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយជាបន្តទៀត៕

មតិយោបល់