ព័ត៌មានជាតិ

រថយន្ត lexus GS300 បើកបរ ក្នុងល្បឿនលឿន រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បាក់ ៣កង់

ភ្នំពេញ ÷ បុរសម្នាក់រួមដំណើរជាមួយនិងនារីម្នាក់ទៀត បានបើករថយន្ត lexus GS300 មួយគ្រឿង បើកឡើងស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនលឿន បានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បា.ក់៣កង់ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើង សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១២ រំលងអធ្រាត្រឈានចូលថ្ងៃទី ១៥ ខែមករាឆ្នាំ ២០២២ ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់ រួមដំណើរជាមួយនឹងនារីម្នាក់ទៀត បានបើករថយន្តម៉ាកLexus GS300 មួយគ្រឿងពណ៌ស បានដោះផ្លាកលេខចេញ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ទិសដៅពីត្បូងមកជើងឡើងលើស្ពានអាកាសស្ទឹងមានជ័យ ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ពេញទំហឹងបណ្តាលឲ្យបា.ក់អស់បីកង់ ចំណែករថយន្តបង្កវិញ បានក្រឡាប់ផ្ងារជើង រងការខូចខាតស្ទើរទាំងស្រុង បន្ទាប់មកបានពលរដ្ឋជិតខាង រាយការណ៍ទៅសមត្ថកិច្ចចុះមកកន្លែងកើតហេតុភ្លាមៗ។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការជាមួយ នឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនង ទៅផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់