ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចរថយន្ត ខណៈម្ចាស់ចុះមើលគ្រឿងត្រាក់ទ័រ មិនដកសោចេញ

បាត់ដំបង: ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពីលោក សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១និង១៥នាទី នៅចំណុចលើផ្លូវជាតិលេខ៥៧ ស្ថិតក្នុងភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការបង្ក្រាបករណីលួច (យករថយន្ត) ០១ករណី និងបាននាំខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ហួន សុខហេង ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិជុកក្រៅ ឃុំជុក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មកកាន់ស្នងការដ្ឋាន។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ កាលពីវេលាម៉ោងប្រហែល ១និង០០នាទីជនរងគ្រោះឈ្មោះ ហួយ គីមហ៊ន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានបើកបររថយន្ត០១គ្រឿងម៉ាក Mitsubishi Triton ពណ៌ស ស៊េរីឆ្នាំ២០០២ ពាក់ស្លាកលេខ បាត់ដំបង 2A-8683 ទៅទិញគ្រឿងត្រាក់ទ័រនៅភូមិរំចេក៥ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង ពេលនោះជនរងគ្រោះក៏បានចុះពីរថយន្តទៅមើលគ្រឿងត្រាក់ទ័រ ដោយមិនបានដកសោររថយន្តចេញទេ ក្រោយមកជនសង្ស័យខាងលើ ក៏បានចូលក្នុងរថយន្តរួចក៏បើករត់ដល់ចំណុចជិតរង្វង់មូលនាងរំសាយសក់ ទើបកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបឃាត់រថយន្តនោះ រួចនាំយកមកកាន់ស្នងការដ្ឋាន។

បច្ចុប្បន្នការិយាល័យជំនាញ កំពុងតែធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់