ភ្នំពេញៈ ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីកម្ពុជា រយៈពេល២ថ្ងៃ នៅប្រទេសទីម័រឡេស្ត កម្ពុជា ត្រៀមចុះហត្ថលេខាលើកិច្ចព្រៀង ស្តីពីការលើកលែងទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ។ ជាមួយគ្នានោះ ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈនៃការយោគយល់ចំនួន២ផ្សេងទៀត រវាងប្រទេសទាំងពីរផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅកាន់ប្រទេសទីម័រ តបតាមការអញ្ជើញរបស់លោក រ៉ុយ ម៉ារៀ ដេ អារ៉ុយចូ នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមខួបលើកទី៤១ នៃការបង្កើតកងកម្លាំងរំដោះជាតិទីម័រឡេស្តេ នៅសាធារណរដ្ឋទីម័រ ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ។
គណៈប្រតិភូអមដំណើរសម្តេចតេជោ រួមមានលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ព្រមទាំងសមាជិករាជរដ្ឋាភិបាលដ៏ទៃទៀត។
ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ នឹងជួបចរចាទ្វេភាគីជាមួយលោក រ៉ុយ ម៉ារៀល ដេ អារ៉ុយចូ ហើយបន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួ៣ រវាងកម្ពុជា-ទីម័រឡេស្តេ រួមមាន ទី១. កិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការបច្ចេកទេស និងសេដ្ឋកិច្ច ទី២. កិច្ចព្រមព្រៀង ស្តីពីការលើកលែងទិដ្ឋាការ សម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការ និងទី៣. អនុស្សារណៈនៃការយោគយល់គ្នា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនេះ សម្តេចតេជោ ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍កម្ពុជា នៅទីម័រឡេស្តេ ផងដែរ ហើយចុងបញ្ចប់នៃពិធីចុះហត្ថលេខាលើឯកសារចំនួន៣ រវាងកម្ពុជា-ទីម័រឡេស្តេ នាយករដ្ឋមន្រ្តី នៃប្រទេសទាំងពីរ នឹងធ្វើសន្និសីទសារព័ត៌មានរួមគ្នាផងដែរ៕










មតិយោបល់