ព័ត៌មានជាតិ

រថយន្តម៉ាកហ្វតបើកបុកម៉ូតូ០៣គ្រឿង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់០២នាក់

កំពត: នៅវេលាម៉ោង១៣និង១០នាទី ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើក នៅចំណុចខាងលិចផ្សារឡឥដ្ឋ ចម្ងាយ១០ម៉ែត្រ ស្ថិតក្នុងភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រវាងរថយន្តម៉ាកហ្វតនិងម៉ូតូបើកបរទិសដៅផ្ទុយគ្នា បណ្តាលឲ្យមនុស្សស្លាប់ម្នាក និងរបួសធ្ងន់០២នាក់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឡើងដោយរថយន្តម៉ាក Ford Raptor ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BH6289 មិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតមកលិច មកដល់ចំណុចកើតហេតុបានបុកជាមួយម៉ូតូចំនួន០៣គ្រឿង ។ ម៉ូតូម៉ាក C125 ពណ៌ខ្មៅ ផលិត២០១០ ពាក់ស្លាកលេខភ្នំពេញ 1AQ1062 បើកបរដោយឈ្មោះ តន់ ជឿន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិស្វាយទង ឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត រងរបួសធ្ងន់ (បាក់ជើងខាងស្ដាំ និងដាច់ម្រាមដៃស្ដាំ) បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ អ្នកបើកបរម៉ូតូ C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ ១CM8524 ឈ្មោះ អារីយ៉ាស់ ភេទស្រី អាយុ៤៨ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរម្នាក់ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុ១៣ឆ្នាំ ត្រូវជាកូនរងរបួសធ្ងន់ (បាក់ជើងឆ្វេង) បញ្ជូនទៅមន្ទីរពេទ្យបង្អកខេត្តកំពត ។ រថយន្តនៅល្បឿនបន្តមកបុក ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខកំពត 1J2739 ឈប់ទិញម៉ាស់នៅពីខាងត្បូងផ្លូវឈ្មោះ ភិន មុំ ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិកំពង់ត្នោត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត រងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកំពត ។ ម៉តូខូចខាតកម្រិតធ្ងន់ទាំងបីគ្រឿង និងរថយន្តខូចខាតកម្រិតស្រាល ។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ។ ចំណែកវត្ថុតាងយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកទឹកឈូ ។ ដោយឡែកសាកសពជនរងគ្រោះ ត្រូវប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់