ប៉ៃលិនៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៤និង៣០នាទី មានករណីបាត់ម៉ូតូ ០១គ្រឿងម៉ាកScoopy សេរីឆ្នាំ២០១៤ពណ៌ស គ្មានស្លាកលេខ និងទូរស័ព្ទ ០១គ្រឿងម៉ាក iPhone x max ពណ៌ទឹកមាស ផ្ទៃមុខពណ៌ខ្មៅ នៅចំណុចក្បែរផ្សារសាមគ្គីស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ជនរងគ្រោះឈ្មោះ អ៊ុន អ៊ុយ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរកសិកររស់នៅភូមិឃុំខាងលើ ។
មូលហេតុនៃការបាត់គឺមកពីជនរងគ្រោះបានដេកនៅគ្រែខាងមុខផ្ទះ បិទរបងផ្ទះតែមិនបានចាក់សោសុវត្ថិភាព បណ្តាលឲចោរចូលលួចម៉ូតូ និងទូរស័ព្ទដៃតែម្តង ។
ក្រោយពេលបាត់ជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ៃលិន ក្រោយទទួលពាក្យបណ្តឹងកម្លាំងផ្នែកនគរបាលយុត្តិធម៌នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល បើកការស៊ើបអង្កេត រហូតដល់ថ្ងៃទី២៨ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៦និង៣០នាទីកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកំរៀង កំណត់មុខសញ្ញាជនសង្ស័យបាន និងនាំខ្លួនជនសង្ស័យម្នាក់ នៅចំណុចបន្ទប់ជួល ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានឈ្មោះ សេង ភ័ក្ត្រា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដជាជនដែលទើបចេញពីពន្ធនាគារ ធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក ពាក់ព័ន្ធករណីលួចទាំង០៣លើក។
បានដកហូតវត្ថុតាងរួមមាន ម៉ូតូ ១គ្រឿងម៉ាក Scoopy សេរីឆ្នាំ២០១៤ ពណ៌ស គ្មានផ្លាកលេខ ជាម៉ូតូដែលជនរងគ្រោះបានបាត់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ។
ក្រោយមកនគរបាលជំនាញបាននាំខ្លួនជនសង្ស័យខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីធ្វើការសាកសួរក្រោយពីការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូ និងទូរស័ព្ទដៃខាងលើពិតប្រាកដមែន ។
បច្ចុប្បន្ន ជនសង្ស័យខាងលេីនេះត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់