បន្ទាយមានជ័យៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តចំនួន០២គ្រឿង និងប្រេងសាំងចំនួន៥០០លីត្រ ត្រូវបានអគ្គិភ័យឆាបឆេះបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នៅចំណុចស្ថានីយប្រេងមួយកន្លែងទល់មុខផ្សារដើមគរ (ផ្សារអូរអំបិល) ស្ថិតក្នុងភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ ភ្លាមៗនោះផងដែរ គេក៏បានសង្កេតឃើញមានវត្តមានឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត, លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងលោកឧត្តសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការតំបន់សិករងខេត្តបន្ទាយមានជ័យ ចុះទៅដល់កន្លែងកើតហេតុ ដឹកនាំកងកម្លាំងចម្រុះមាននគរបាល អាវុធហត្ថ និងយោធា ប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់ ។
នគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ស្ថានីយប្រេងឥន្ទនៈមានម្ចាស់ឈ្មោះ ជា លី ភេទប្រុស អាយុ៦៨ឆ្នាំ និងប្រពន្ធឈ្មោះ ប៊ុន លី នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
ប្រភពដដែលបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យកើតមានគ្រោះអគ្គិភ័យនេះ តាមការសន្និដ្ឋានជាជំហានដំបូង សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ព្រោះមុនពេលកើតហេតុម្ចាស់ស្ថានីយបានធ្វើការផ្ទេរប្រេងពីស៊ីទែនផ្ទុកក្រោមដីទៅស៊ីទែនរថយន្ត ដោយប្រើប្រាស់ម៉ូទ័របូមក្នុងការផ្ទេរប្រេងនេះ ទើបបណ្តាលមានភ្លើងឆាបពីព្រីភ្លើងម៉ូទ័រជាមួយនឹងប្រេងឥន្ទនៈបង្កជាអគ្គិភ័យតែម្តង ។
ក្រោយពីមានហេតុការណ៍ អគ្គិភ័យកើតឡើង មានរថយន្តពន្លត់អគ្គិភ័យ ចំនួន០៣គ្រឿង (រថយន្តស្នងការដ្ឋាន ០១គ្រឿង,អធិការដ្ឋាន.មង្គលបូរី ០១គ្រឿង និងរថយន្តអធិការដ្ឋានក្រុងសិរីសោភ័ណ ០១គ្រឿង) បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់០៣រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន 100% ។
ក្នុងករណីនេះ បណ្តាលឲ្យមនុស្សម្នាក់ជាម្ចាស់ស្ថានីយប្រេងរងរបួសធ្ងន់ ,រថយន្តចំនួន០២គ្រឿងរងការឆេះបំផ្លាញ, ប្រេងចំនួន ៥០០លីត្រ, រោងផ្នែកខាងក្រោយស្ថានីយ០១ខ្នង ។ (សូមបញ្ជាក់ថា នេះក៏ជាលើកទី២ហើយ ដែលស្ថានីយប្រេងឥន្ទនៈនេះបានឆាបឆេះ ៕



មតិយោបល់