ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ជិះម៉ូតូ​លឿន​ជ្រុល​ចង្កូត​បុក​រថយន្ត ​បណ្តាលឲ្យ​ស្លាប់​បាត់បង់​ជីវិត​

​បាត់ដំបងៈ​ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១៥​និង​២០​នាទី​ នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​១៥៧០​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧​​-៨​ ស្ថិត​នៅ​ក្រុម​ទី​១២​ ភូមិ​ថ្មី​ ឃុំ​តា​គ្រាម​ ស្រុក​បាណ​ន់​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​មួយ​កើតឡើង ​រវាង​រថយន្ត​និង​ម៉ូតូ​បើកបរ​ច្រាស់​គ្នា ​បណ្តាល​អោយ​បុរស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ​។​

​លោក​វរសេនីយ៍ឯក​ ប៉ាន់​ វ៉ា​ន់​នី​ អធិការ​នគរបាល​ស្រុក​បាណ​ន់​ បាន​រាយការណ៍​អោយ​ដឹង​ថា​ គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ហ្វុ​យ​សូ​ ចង្កូត​ស្តាំ​ ពណ៌​ខៀវ​លា​យស​ ពាក់​ស្លាក​លេខ​ BMC-0103​ ចង្កូត​ស្តាំ​ ប្រភេទ​បែន​ ពី​ត្បូង​ទៅ​ជើង​បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ (​រត់គេច​ខ្លួន​)​ មក​ដល់​ផ្លូវ​កោង​ចំណុច​កើតហេតុ​ខាងលើ ​បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ ម៉ាក​PCR​ (​ភី​ស៊ី​អរ​)​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ កំពង់ធំ​ 1J-0178​ បើកបរ​ដោយ​ឈ្មោះ​ ឌិ​ត​ ម៉ែ​ត​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៧១​ ក្រុម​ទី​៥​ ភូមិ​កំ​ពង​សីមា​ សង្កាត់​វត្ត​គរ​ ក្រុង​បាត់ដំបង​ បើកបរ​ពី​ជើង​ទៅ​ត្បូង​មាន​មួក​សុវត្ថិភាព​ បាន​ស្លាប់​ភ្លាមៗ ​នៅ​នឹង​កន្លែង​កើតហេតុ ​។​

ក្រោយ​ទទួល​ដំ​ណឹង​កម្លាំង​ជំនាញ​នគរបាល​ស្រុក ​បាន​ធ្វើការ​ត្រួតពិនិត្យ​ និង​វាស់វែង​ ឃើញ​ថា​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​គឺ​ដោយសារ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ក្នុង​ល្បឿន​លឿន ​ចំណុច​ផ្លូវ​កោង​ទើប​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​ពីមុខ​ពេញទំហឹង​បណ្តាល​អោយ​ស្លាប់​នៅ​កន្លែង​កើតហេតុ​ ។​

​ករណី​នេះ​ សមត្ថកិច្ច​បាន​នាំ​យក​មធ្យោបាយ​បង្ក​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ រង់ចាំ​ដំណោះស្រាយ​តាម​នីតិវិធី​ ។​ ចំណែក​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

មតិយោបល់