ព័ត៌មានជាតិ

ស្រ្តីម្នាក់រងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបុកជាមួយរថយន្ត

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាង ម៉ូតូ និងរថយន្ត បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្រ្គោះភ្លាមៗ ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១០និង០០នាទីព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ ទីតាំងស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិព្រៃមូល សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តព្រូស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1BJ-5437 បានធ្វើដំណើរពីកើតទៅលិចរហូតបានមកដល់ចំណុចកើតហេតុ ដោយមានផ្លូវបំបែកជា ៤ស្របពេលនោះ ក៏មានស្រ្តីម្នាក់បើកបរម៉ូតូម៉ាក វ៉េវ ពណ៌ទឹកប្រាក់ ១គ្រឿង គ្មានស្លាកលេខបើកបរទិសដៅពីជើងទៅត្បូង សង្ស័យលឿនជ្រុលជាន់ហ្រ្វាំងមិនទាន់ ទើបបណ្តាលឲ្យបុករថយន្តពីចំហៀងពេញទំហឹង រងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូដួលរងរបួសបញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកន្លែង និងរាយការណ៍ទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងយកវត្ថុតាងដាក់ខាង និងឲ្យដោះស្រាយគ្នាមួយជំហានសិន៕

មតិយោបល់