ការលក់ផ្ទះថ្មីនៅក្នុងប្រទេសអូស្ត្រាលីបានកើនឡើងដល់កម្រិតមួយខ្ពស់បំផុតដែលមិនធ្លាប់មាននៅក្នុងរយៈពេល២ឆ្នាំចុងក្រោយ កាលពីខែកញ្ញាកន្លងទៅ។ នេះបើយោងតាមការឲ្យដឹងពីសមាគមន៍សហគ្រាសលំនៅដ្ឋាននៅថ្ងៃពុធនេះ។
យោងតាមរបាយការណ៍ចុងក្រោយរបស់សមាគមន៍សហគ្រាសលំនៅដ្ឋានបានឲ្យដឹងថា អត្រាការលក់លំនៅដ្ឋានថ្មីសរុបបានកើនឡើង ៦,៤ភាគរយនៅក្នុងខែកញ្ញា ដែលជាកំណើនលឿនបំផុតចាប់តាំងពីខែមេសាឆ្នាំ ២០១២មក។
លោក Harley Dale ប្រធានសេដ្ឋកិច្ចនៃសមាគមន៍សហគ្រាសលំនៅដ្ឋានបានឲ្យដឹងថា នៅក្នុងត្រីមាសខែកញ្ញាការលក់លំនៅដ្ឋានថ្មីបានកើនឡើង ៣,៧ភាគរយ ហើយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកើនឡើង ២៥,២ភាគរយ។
គួរបញ្ជាក់ផងដែរថា ការលក់លំនៅដ្ឋានថ្មីកើនឡើងនេះ ដោយសារតែតម្រូវការផ្ទះបានកើនឡើង ជាពិសេសគឺការបែកផ្ទះ ដោយសមាជិកនៅក្នុងគ្រូសារបានរៀបការ ដូច្នេះតម្រូវឲ្យពួកគេបែកផ្ទះពីឪពុកម្ដាយ៕
មតិយោបល់