ព័ត៌មានជាតិ

ជនសង្ស័យចំនួន០២នាក់ ធ្វើសកម្មភាពលួចម៉ូតូពីរករណី ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានម្នាក់

តាកែវ: ករណីទី១-នៅថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២ វេលាម៉ោង១១ និង ៣០នាទី ចំណុចវាលស្រែមាត់ស្ទឹង ស្ថិតក្នុងភូមិមឿងចារ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿង ម៉ាកសេ125 ពណ៌ខ្មៅស៊េរីឆ្នាំ2016 ផ្លាកលេខភ្នំពេញ 1.FO.5727 របស់ឈ្មោះ យ៉ុង ប៊ុនណារ៉េត ភេទប្រុស អាយុ ៦៧ឆ្នាំ ទីលំនៅភូមិនមោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ នៅពេលដែលជនរងគ្រោះ ជិះម៉ូតូទៅបញ្ឈរទុកលើផ្លូវលំ ហើយចុះបោចស្មៅស្រែ ។

ករណីទី២-នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១២និង៣០ ចំណុចលើភ្លឺប្រឡាយ ស្ថិតក្នុងភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព លួចយកម៉ូតូមួយគ្រឿង ធុនសេ125 ពណ៌ខ្មៅ ស៊េរី2018 ស្លាកលេខ តាកែវ 1.P2950 របស់ឈ្មោះ អន សារុំ ភេទស្រី អាយុ ៤៥ឆ្នាំ នៅភូមិព្រៃស្បាត ឃុំត្រពាំងធំខាងជើង នៅពេលដែលជនរងគ្រោះ រូបនេះជិះម៉ូតូទៅបញ្ឈរនៅចំណុចខាងលើ រួចដើរតាមភ្លឺស្រែ ចូលទៅអញ្ជើញការបងប្អូនប្រហែល 300 ម៉ែត្រពីទីនោះ ។

ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីឯកឧត្តមស្នងការ ព្រមទាំងដឹកនាំសម្របសម្រួល ដោយឯកឧត្តមព្រះរាជអាជ្ញានៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៥និង០០នាទី សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ស៊ូ ចាន់បូរិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ត្រង់ចំណុចភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ព្រមទាំងដកហូតវត្ថុតាងម៉ូតូចំនួន០២ គ្រឿង៖

១-ម៉ូតូម៉ាកសេ125 ពណ៌ខ្មៅស៊េរី2016 ស្លាកលេខភ្នំពេញ 1.FO 5727 ។ ២-ម៉ូតូម៉ាកសេ125 ស៊េរី 2018 ស្លាកលេខតាកែវ 1.P 2950 ។

ក្រោយសាកសួរចម្លើយ ជនសង្ស័យបានសារភាពថា ម៉ូតូទាំងពីរគ្រឿងខាងលើ ខ្លួនបានធ្វើសកម្មភាព លួចជាមួយឈ្មោះ អ៊ឹម ឌឹម ភេទប្រុស អាយុ ៣០ឆ្នាំជាង នៅភូមិពោធិ៍ ឃុំពោធិ៍អង្គ្រង ស្រុកបរសេដ្ឋ បច្ចុប្បន្នបានគេចខ្លួនបាត់ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវកម្លាំងសមត្ថកិច្ច សាកសួរនិងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។ សូមបញ្ជាក់: វត្ថុតាងម៉ូតូទាំងពីរគ្រឿងខាងលើនោះ កម្លាំងសមត្ថកិច្ចបានប្រគល់ជូនទៅម្ចាស់ដើមវិញរួចហើយ ៕

មតិយោបល់