ព័ត៌មានជាតិ

បុរសវ័យចំណាស់ម្នាក់ ប្រើពូថៅកាប់ទៅលើជនរងគ្រោះជាច្រើនពូថៅ បណ្តាលឲ្យរងរបួសជាទម្ងន់

បាត់ដំបង: កាលពីថ្ងៃ ព្រហស្បត្តិ៍ ៧រោច ខែ អស្សុជ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២០ និង០០នាទី នៅចំណុចលើសួនច្បារសម្តេច ក្រឡាហោម ស ខេង ស្ថិតនៅក្នុងភូមិរំចេក៥ សង្កាត់ រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរ សេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាលបាន ដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ-បង្ក្រាប ចុះប្រតិបត្តិការបង្ក្រាប ករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ០១ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហ៊ន សារី ភេទប្រុស អាយុ ៥៧ឆ្នាំ មានទីលំនៅភូមិស្វាយអន្ទា ស្រុកមុខកំពូល ខេត្តកណ្តាល (ស្នាក់នៅបណ្តោះអាសន្នលើសួនច្បារក្នុងក្រុងបាត់ដំបង) មកកាន់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។

សូមជម្រាបជូនថា មូលហេតុដែលឈានដល់ការឃាត់ខ្លួននេះ គឺកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០១ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅចំណុចលើសួនច្បារ ស្ថិតនៅក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង បាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើបានធ្វើសកម្មភាព យកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជនរងគ្រោះជាជន អានាថាឈ្មោះ ពៅ ហៅដែន ភេទប្រុស អាយុ ប្រហែល៣៥ឆ្នាំ ជាច្រើនពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបាន នាំ យកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ក្រោយពេលទទួលព័ត៌មាននេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងឈានទៅធ្វើការឃាត់ខ្លួនជនសង័្សយបានតែម្តង ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង័្សយបានឆ្លើយសារភាពថា ខ្លួនគាត់ពិតជាបានប្រើ ពូថៅដៃកាប់ទៅលើជនរងគ្រោះឈ្មោះ ពៅ ហៅ ដែនជាច្រើនពូថៅ ពិតប្រាកដមែននៅក្នុងខណ:ដែលជនរងគ្រោះកំពុងដេកលង់លក់នៅ លើ កៅអីបង់សួនច្បារខាងលិចស្ពានសម្តេច ស ខេង ស្ថិតនៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ។

ចំពោះមូលហេតុដែលឈានដល់ការ លបលួចកាប់ទៅលើជនរងគ្រោះបែបនេះ គឺដោយសារតែខ្លួនមានជម្លោះ ជាមួយជនរងគ្រោះកាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ហើយរហូតដល់រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ជាឱកាសដែលជនរងគ្រោះកំពុងដេកលក់ខ្លួនក៏ធ្វើសកម្មភាពតែម្តង ។

លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា បានឱ្យដឹងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់រកជនគ្រោះឃើញ នៅឡើយទេ ដែលតាមប្រភពថា ជនរងគ្រោះបានចាកចេញពីមន្ទីរពេទ្យ ក្នុងពេលដែលរូបគាត់មានស្ថានភាពរងរបួសធ្ងន់ធ្ងរ ហើយពេលនេះមិន ដឹងថាគាត់ស្ថិតនៅទីកន្លែងណានៅឡើយ រីឯទីលំនៅរបស់គាត់ក៏មិនមានទៀត ដែលលោកកំពុងធ្វើការស្រាវជ្រាវរកជនងគ្រោះ ។

ទោះជាបែបនេះក្តីពេលនេះសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនជនសង័្សយខាងលើទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់